(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជា ជាមួយម្ចាស់ឆ្នោត ស្រុកមេសាង ចំនួន១,០០៤នាក់។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបច្ចុប្បន្នមានគណបក្សប្រកួតប្រជែង ២០គណបក្ស ដោយឡែកខេត្តព្រៃវែង មានគណបក្សចំនួន១៥។

តំណាងរាស្ដ្រ ស សុខា ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា បានបន្តបេសកកម្មរបស់ខ្លួនជាប្រវត្តិសាស្រ្ត រក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។

ឆ្លៀត​ក្នុងឱកាសនោះ លោក ស សុខា បានចែកអំណោយ​គ្រឿងឧបភោគ បរិភោគ​ ថវិកា និងទេះរុញជូនជនពិការជើងចំនួន១១នាក់ និងជូនថវិកាដល់អ្នកចូលរួមផងដែរ៕