(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ការដង្ហែទៀនព្រះវស្សា យកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកបណ្ឌិត ឃឹម ប៊ុនសុង និងលោកបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ លោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្ត បាននាំយកទៀនវស្សា និងទ័យ្យទាន ជាគ្រឿងឧបភោគបរិភោគមួយចំនួន ទៅវេរប្រគេនប្រគេនព្រះសង្ឃចំនួន៣វត្ត និងអាស្រមមួយ ក្នុងក្រុងសៀមរាប។

ការដង្ហែទៀនព្រះវស្សា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ របស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ផងដែរ។

៣វត្ត និងអាស្រមមួយ ក្នុងក្រុងសៀមរាប រួមមាន៖ វត្តរាជបូព៌ វត្តដំណាក់ វត្តស្វាយ និងអាស្រមគោកស្រឹត ដោយក្នុងមួយវត្ត ទទួលបានទានវស្សាមួយគូរ គ្រឿងឧបភោគបរិភោគមួយចំនួន និងដើម្បីទុកប្រើប្រាស់ សម្រាប់អុជបំភ្លឺ ក្នុងរដូវចូលវស្សារយៈពេលបីខែ ដែលនឹងជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត ឃឹម ប៊ុនសុង បានថ្លែងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម។

លោកថា ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ឃឹម ប៊ុនសុង និងលោកបណ្ឌិត នូ ផល្លា បាននាំយកទយ្យទានមួយចំនួន និងបច្ច័យក្នុងមួយវត្ត១លានរៀល ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៣៥ អង្គ ដែលក្នុងមួយអង្គចំនួន១០ម៉ឺនរៀល និងចែកជូកដល់តាជីយាយជីចំនួន៧០នាក់ ដែលក្នុងម្នាក់ៗ ជូនឆ័ត្រ១ និងថវិកាចំនួន២ម៉ឺនរៀល៕