(ភ្នំពេញ)៖ ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក បានដឹកជញ្ជូនភ្ញៀវទេសចរពីកម្ពុជា ទៅបណ្ដាប្រទេសផ្សេងៗ បានជិត៨ម៉ឺននាក់ ដោយក្នុងនោះមាន៩០ភាគរយជាភ្ញៀវ ធ្វើដំណើរឆ្ពោះទៅទីក្រុងឌូបៃ និងបានដឹកទំនិញចេញតាមជើងហោះហើរជាង១ម៉ឺនតោន។ នេះបើតាមការឲ្យដឹងពីលោក ABDULLA ADNAN អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Emirates។

នៅថ្ងៃនេះ ជាថ្ងៃប្រារព្ធខួប១ឆ្នាំ របស់ក្រុមហ៊ុន Emirates ដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧-០២ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមហ៊ុននេះបានរៀបចំពិធីអបអរនៅលើអគារ Vattanac Tower ដោយមានភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមអបអរសារទរយ៉ាងកុះករទៀតផង។

លោក ABDULLA ADNAN បានថ្លែងឲ្យដឹងថា «Emirates ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ហើយរយៈពេល១ឆ្នាំនេះ ក្រុមហ៊ុនបានបន្ដការរីចម្រើនជាបន្ដបន្ទាប់។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល មន្ដ្រីអាកាសចរស៊ីវិល ក្នុងការជំរុញឲ្យ Emirates បានឈានជើងចូលទីផ្សារកម្ពុជា ដោយមានភាពរលូន»

លោកបានបន្ដទៀតថា មកទល់ពេលនេះ អ្នកដំណើរជិត៨ម៉ឺននាក់ បានធ្វើដំណើរតាមយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ពីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដែលបានធ្វើឲ្យឌូបៃក្លាយជា គោដៅពេញនិយមបំផុត សម្រាប់អ្នកដំណើរ មកពីប្រទេសកម្ពុជា។ ក្នុងនោះក្រុមហ៊ុន ក៏បានដឹកជញ្ជូន​ទំនិញ មានដូចជាសម្លៀកបំពាក់កីឡា និងស្បែកជើង បម្រាណជាង១ម៉ឺនតោនផងដែរ ទៅតាមបណ្ដាប្រទេសផ្សេងៗ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះប្រសិនបើអ្នកធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅទីក្រុងឌូបៃ ត្រូវជិះយន្ដហោះ ទៅសំចតនៅក្នុងទីក្រុងយានហ្គោល ប្រទេសមីយ៉ាន់ម៉ា តែមិនយូរ​នោះ ទេក្រុមហ៊ុននឹងធ្វើការភ្ជាប់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅក្រុងឌូបៃតែម្ដង ដោយមិនមានសំចត ក្នុងទីក្រុងយានហ្គោលឡើយ។

លោកបញ្ជាក់បន្ថែមទៀតថា ក្រៅពីនាំអ្នកទេសចរកម្ពុជា ទៅទីក្រុងឌូបៃ ក្រុមហ៊ុនក៏មិនភ្លេចណែនាំភ្ញៀវទេសចរឌូបៃឲ្យត្រឡប់មកកម្ពុជាវិញ​ដែរ ដោយមកទស្សនា ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា នាឱកាសប្រារព្ធខួបរយៈពេល១ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏មានការបញ្ចុះតម្លៃពិសេស សម្រាប់សំបុត្រហោះហើយ ទៅកាន់គោលដៅ ក្នុងបណ្ដាញសកលលោកដែររួមមាន ទីក្រុងឌូបៃ, ទីក្រុងប៉ារីស, ទីក្រុងឡុង និងទីក្រុងអាមស្ទើដាំជាដើម។ ដោយបញ្ចុះតម្លៃ​ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ និងចាប់ធ្វើដំណើរពីថ្ងៃទី០៥ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩៕