(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានចំអកឱ្យ លោក ប្រែដ អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ថាការធ្វើរបាយការណ៍វាយប្រហារទៅលើ មេទ័ពស្មោះត្រង់នឹងសម្តេច ត្រឹមតែ១២រូបនោះ នៅមិនទាន់គ្រប់ចំនួននៅឡើយទេ ខណៈដែលមេទាហានស្មោះត្រង់នឹងសម្តេច មានរហូតដល់ជិត១២ម៉ឺននាក់ឯណោះ។

ការចំអករបស់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ទៅលើ ប្រធានអង្គការ HRW បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ចោទប្រកាន់ទៅលើ មន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ កម្ពុជាចំនួន១២រូបដែលស្មោះត្រង់នឹងសម្តេចតេជោថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «អារឿងមេទាហានកម្ពុជា១២រូប សូមផ្តាំទៅប្រែដ អាដាម អើយមេទាហាននៅកម្ពុជាគេថាតិចណាស់ ទាល់តែដាក់ទាំងអស់អាហ្នឹង បានវាគ្រប់ ព្រោះមិនមានមាននាយទាហានត្រឹម១២នោះទេ ដែលស្មោះត្រង់ជាមួយ ហ៊ុន សែន ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល មេទាហាន១ប្រទេសឯណោះ គេនៅខ្វះគេសុំឱ្យអ្នកឯងដាក់ទាំងអស់ ១១ម៉ឺននាក់ ដាក់ទាំងអស់មក»

សម្តេចតេជោ ហ៊ុន សែន ក៏បានតិទៀន ដល់អ្នកវិភាគលម្អៀងមួយចំនួន ដែលបានលើកឡើងជំរុញឱ្យរដ្ឋាភិបាល ស៊ើបអង្កេតទៅលើ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង១២រូប។ សម្តេចចាត់ទុកថា របាយការណ៍នេះ គឺចោទប្រកាន់គ្មានមូលដ្ឋាន ហើយធ្វើឡើងជាបន្តបន្ទាប់ដោយ ប្រែដ អាដាម ដែលមិនចាំបាច់ត្រូវស៊ើបអង្កេត តាមការចោទប្រកាន់បែបនោះឡើយ។

សម្តេចបញ្ជាក់ថា «បើហ្អែងចោទអញរហូត ឱ្យអញស្រាវជ្រាវរហូតទៅ? មិនបាច់បានធ្វើការអីទេ អញ្ចឹងអញសូមផ្តាំទៅ ប្រែដ អាដាម ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដើរស្រែកតែពាស មិនទាន់គ្រប់ទេ១២នាក់នោះ ទាល់តែជិត១២ម៉ឺននាក់ បានគ្រប់។ បើទ័ពមិនការពាររាជរដ្ឋាភិបាលទេ មិនមែនទ័ពទេ នរណាអ្នកចិញ្ចឹមទ័ព ទ័ពជាឧបករណ៍ការពាររដ្ឋ ប៉ូលីសជាឧបករណ៍ការពារដ្ឋ ត្រូវស្តាប់ឱ្យបាន បើមិនយល់ទេ ទៅរៀនម្តងទៀតទៅ អាបណ្ឌិតឆ្កួត»

សម្តេចបានបន្តទៀតថា នៅលើពិភពលោកនេះ រដ្ឋសុទ្ធតែមានកម្លាំងប្រដាប់អាវុធទាំងអស់ កងកម្លាំងប្រដាប់អាវុធ គេទុកសម្រាប់ការពារដ្ឋ ចំណែកគុក គេសម្រាប់ដាក់អ្នកទោស៕