(ញូដេលី)៖ មនុស្ស១១នាក់ ជាសមាជិកក្នុង​គ្រួសារតែមួយ ត្រូវបានគេ​ប្រទះឃើញថា បានស្លាប់នៅក្នុងផ្ទះ​មួយកន្លែងស្ថិត​នៅក្នុងទីក្រុង​ញូដេលី ដោយក្នុង​នោះមាន ១០នាក់ ចងក​ពីពិដាន​ផ្ទះ និងម្នាក់ដេកស្លាប់លើកម្រាលឥដ្ឋ ខណៈសល់តែ​ឆ្កែចិញ្ចឹមមួយក្បាល​ប៉ុណ្ណោះ ដែលនៅរស់រានមាន​ជីវិត។ នេះបើ តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយគ្នានោះ​ដែរ បើតាមប៉ូលិស​ឥណ្ឌា​ អ្នកដែលបានដេក​ដួលស្លាប់​នៅលើឥដ្ឋនោះ គឺជាស្ត្រី​អាយុ ៧០ឆ្នាំ។ ចំណែកឯ​ជន​រងគ្រោះ ១០នាក់ ផ្សេងទៀតត្រូវបាន​គេបិទភ្នែក និងចងដៃទាំងពីរ​ព័ទ្ធទៅក្រោយ ហើយចងកចេញ​ពីពិដានផ្ទះ​ថែមទៀត។ ប៉ុន្តែ​ភ្លាមៗ ប៉ូលិសមិនទាន់​កំណត់មុខ​សញ្ញាណសង្ស័យ និងមូលហេតុ​នៅពីក្រោយករណី​ដ៏សាហាវនេះទេ ដោយគ្រាន់​តែ​អះអាងថា ក្រុមជំនាញកំពុងស៊ើប​អង្កេត ក្រោយរកឃើញសំបុត្រ​សរសេរដោយដៃមួយ ដែលគេជឿជាក់ថា​អាចមានជាប់ពាក់ព័ន្ធ​នឹងអ្នកស្លាប់​ណា​ម្នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ១១នាក់។

គួរបញ្ជាក់ថា មនុស្ស១១នាក់ខាងលើ​ ត្រូវបានគេឃើញស្លាប់កាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោម​អ្នកទាំងនេះរួមមាន ស្ត្រីចំណាស់ម្នាក់ បងប្អូនប្រុសពីរនាក់ ប្រពន្ធព្រមទាំងកូន​របស់ពួកគេ និងឆ្កែចិញ្ចឹមមួយក្បាល​ដែលនៅរស់៕