(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានបន្ដអំពាវនាវ ដល់សមាជិក សមាជិកាគ្រួសាបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងក្នុងឱកាសចុះពង្រឹងកិច្ចការងារដល់សមាជិកបក្ស នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះទៀតថា សូមសមាជិក សមាជិកា គ្រួសារបក្សប្រជាជនកម្ពុជា ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញកិច្ចការងាររួមគ្នា ដើម្បីទទួលបានសមិទ្ធិផលល្អបន្ថែមទៀត ជូនជាតិ និងប្រជាជនយើង ពិសេសរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាជួយរក្សានូវសុខសន្ដិភាព ដែលកម្ពុជាយើងកំពុងតែមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏រឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន ។

ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានណែនាំដល់សមាជិកបក្សខ្លួន ត្រូវត្រៀមមធ្យោបាយ និងសម្ភារដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។

ម្យ៉ាងទៀត ត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋ ពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕