(ភ្នំពេញ)៖ ក្រមារបស់ខ្មែរដែលត្បាញរួមគ្នាដោយប្រជាពលរដ្ឋខ្មែរ និងមានជនបរទេសផងដែរនោះ បានជាប់កំណត់ត្រាពិភពលោកជាក្រមាមានប្រវែងជាងគេ។ សមិទ្ធផលជាទីមោទនភាពកើតចេញពីរួមគ្នាត្បាញ់របស់ប្រជាពលរដ្ឋខ្មែរអស់រយៈពេលជិត ៥ខែមកនោះ បានធ្វើឲ្យក្រុមយុវជនខ្មែរ និងប្រជាពលរដ្ឋរំភើប និងរីករាយយ៉ាងខ្លាំង។ ទាំងក្រុមយុវជន ក៏ដូចជាប្រជាពលរដ្ឋរាប់ពាន់នាក់ដែលចូលរួមពន្លាក្រមា និងស្តាប់ការវាយតម្លៃពីគណៈកម្មការ Guinness World Record នាថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ ស្រែកហ៊ោទ្រហឹងអឺងកងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ពោរពេញដោយមោទនភាព។

យុវជនកម្ពុជាមួយចំនួនក្នុងចំណោមយុវជនដែលបានចូលរួមត្បាញ និងចូលរួមអបអរសាទរកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក ក្រមាវែងជាងគេលើពិភពលោក បានលើកឡើងថា «យើងទាំងអស់គ្នាពិតជាសប្បាយរីករាយខ្លាំងណាស់ ពេលដែលឃើញសមិទ្ធផលថ្មីមួយរបស់ខ្មែរយើង ដែលបានចូលរួមពីបងប្អូនយើងទាំងអស់គ្នា រួមគ្នាសម្រេចបាន ការត្បាញក្រមាវែងជាងគេលើពិភពលោក។ ក្នុងនាមយើងជាខ្មែរ ត្រូវតែរួមគ្នាគិត រួមធ្វើ និងរួមទទួលខុសត្រូវ ហើយយើងជាខ្មែរគ្នាឯង យើងមិនលើកស្ទួយប្រទេសខ្លួនឯងទេ តើឲ្យនរណាជាអ្នកលើកស្ទួយ អ្នកណាជួយប្រទេសខ្មែរយើង ចឹងមានតែយើងជាកូនខ្មែរទេ ដែលត្រូវរួបរួមសាមគ្គីគ្នា ជឿថាខ្មែរធ្វើបានដូចថ្ងៃនេះអ៊ីចឹង»

យុវជនទាំងនោះបានបន្ដទៀតថា «យើងជាខ្មែរ ត្រូវតែរួមគ្នា កសាងប្រទេសជាតិ ឲ្យឈានទៅភាពជោគជ័យនៅថ្ងៃអនាគត។ ហើយនេះជាលើកទីមួយនៃការចាំផ្ដើម ដែលខ្មែរយើងបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក តែយើងសង្ឃឹមថាខ្មែរយើង នឹងបំបែកឯតទគ្គកម្មផ្សេងៗទៀត នៅថ្ងៃអនាគត ហើយពួកយើងជាយុវជន នឹងខិតខំប្រឹងប្រែងដើម្បីប្រទេសជាតិយើង»

ក្រមាខ្មែរ ដែលបានរួមគ្នាត្បាញដោយប្រជាពលរដ្ឋខ្មែរ បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្មវិធីទទួលបានអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះចំនួន ៣៣៨,០៥០នាក់។ ក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន ២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន ១៩,៧៧១។ ក្រមានេះប្រសិនបើគេយកសរសៃនីមួយៗ នៃក្រមាមកបន្តគ្នាតែមួយសរសៃមានប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។

អ្នកចុះឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន៖ ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់។ ភ្ញៀវជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍មកពីទាំង២៥រាជធានី ខេត្ត ដោយមានទាំងព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ ។

ព្រឹត្តិការណ៍ត្បាញក្រមានេះ ក៏មានការចូលរួមពីភ្ញៀងអន្តរជាតិចំនួន ១,១៣១​នាក់ មកពីប្រទេសចំនួន ៥៧ប្រទេសជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។

សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។

បន្ទាប់ពីត្បាញបានប្រវែងជាង ១០០០ម៉ែត្រតាមការគ្រោងទុកហើយនោះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបានពន្លាដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) ផងដែរ។ បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ។

សូមស្ដាប់ចំណាប់អារម្មណ៍របស់យុវជនកម្ពុជា អបអរសាទរកំណត់ត្រាបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដូចខាងក្រោមនេះ៖