(បាត់ដំបង)៖ ថ្លែងនៅមុខក្រុមអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា រយៈពេល៦ខែ ដើមឆ្នាំ២០១៨ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន៤ពាន់ករណី ឃាត់ខ្លួនជនល្មើសបានចំនួន៨០០០នាក់ ប្រើប្រៀបធៀបនឹងឆ្នាំ២០១៧ ថយជាងឆ្នាំមុន១១ភាគរយ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកតំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅមុខសាលាខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ បានបន្តថា ទោះជាមានការថយចុះយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញនៅតែបន្តទប់ស្កាត់ តាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរ ចែកចាយ រក្សាទុកសារធាតុញៀន ដោយខុសច្បាប់បន្ថែមទៀត និងចូលរួមកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ផងដែរ។

ដើម្បីដាស់តឿន និងក្រឿនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុសស្មារតីដូចជាការអំពាវនាវ ឱ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀត។ ក្នុងឱកាសប្រារព្ធទិវានោះ ក៏មានការរៀបចំដុតបំផ្លាញចោលគ្រឿងញៀនមួយចំនួនធំផងដែរ៕