(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានទទួល ៣ពិន្ទុពេញ សម្រាប់ប្រកួតបើកឆាកពូលA នៃពានរង្វាន់ AFF Women’s Championship 2018 បន្ទាប់ពីលត់ក្រុមបាល់ទាត់នារីទីម័រខាងកើត ដោយលទ្ធផល ១២-០ មុននេះបន្ដិច នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមបាល់ទាត់នារីកម្ពុជា គឺធ្វើសម្រេចដោយកីឡាការិនីប្រធានក្រុម ហួត គឹមហុង មកពីក្លឹបភ្នំពេញក្រោនចំនួន ៦គ្រាប់(Double Hat-Trick), កីឡាការិនី បាន ជាវៃ ធ្វើបាន Hat-Trick ៣គ្រាប់ និង ៣គ្រាប់ទៀត រកបានដោយកីឡាការិនី ពឿន គន្ធា, នន មិនា និងកីឡាការិនី ចាយ ស្រីលាប ។

ជាមួយនឹងការរកបាន ៣ពិន្ទុថ្ងៃបើកឆាកនេះដែរ បានជួយឲ្យក្រុមបាល់ទាត់នារីកម្ពុជា ឈរកំពូលតារាងពូលA បណ្ដោះអាសន្ន ខណណៈក្រុមកីឡាការិនីអូស្រ្ដាលីឈរលេខរៀងទី២ តែមាន ៣ពិន្ទុស្មើគ្នា ក្រោយលត់ក្រុមបាល់ទាត់នារីប្រទេសម៉ាឡេស៊ី ដោយលទ្ធផល ៧-០ កាលពីល្ងាចមិញ ។ សម្រាប់ប្រកួតបន្ទាប់របស់កម្ពុជា គឺត្រូវជួបក្រុមកីឡាការិនីម៉ាឡេស៊ី នាថ្ងៃទី០២ ខែកក្កដាដើមសប្ដាហ៍ក្រោយ ៕