(បាត់ដំបង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ដើម្បីបំពេញភារកិច្ចកាន់តែសកម្ម សំដៅផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពជូនវិស័យឯកជន និងប្រជាជន ឆ្លើយតបកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

«ខ្ញុំជឿជាក់ថា បន្ទាប់ពីមានអគាររដ្ឋបាលថ្មី ដែលជាកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈសមរម្យជាងមុន មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មរបស់យើង នឹងខិតខំបំពេញការងារកាន់តែស្វាហាប់ ដើម្បីបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជូនបងប្អូនអាជីវករ ផលិតករ និងពាណិជ្ជករ នៅក្នុងខេត្តបាត់ដំបងទាំងមូល»។ លោក ប៉ាន សូរស័ក្តិ បញ្ជាក់។

លោករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តដូច្នោះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរខេត្តបាត់ដំបង ពាណិជ្ជករ និងអាជីវករប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានចាត់ទុកអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្ម ជាមោទនភាពសម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមិទ្ធផលថ្មី ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រកបដោយសក្តានុពលសម្រាប់វិស័យពាណិជ្ជកម្មជាតិ។

លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ខិតខំពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អ និងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម។

«ខ្ញុំស្នើឲ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ និងអាជីវករ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាគណៈកម្មាធិការបច្ចេកទេសជាតិ ដែលបានសហការគ្នាសាងសង់អគាររដ្ឋបាលថ្មីនេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្លើយតបនឹងបំណងប្រាថ្នាភាគច្រើនរបស់ប្រជាពលរដ្ឋ និងវិស័យឯកជននៅក្នុងខេត្តបាត់ដំបង។

យោងតាមរបាយកាណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឲ្យដឹងថា អគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានកម្ពស់បីជាន់ និងមានទំហំសរុបជាង ២,៨០០ម៉ែត្រការ៉េ ហើយបានប្រើពេលវេលាសាងសង់ជាង ៩ខែ។ អគារថ្មីនេះ មានបំពាក់ដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ិនធើណេតល្បឿនលឿន ហើយចែកចេញជាបន្ទប់ការិយាល័យធ្វើការចំនួន១២ រួមបញ្ចូលទាំងការិយាល័យអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងបន្ទប់ទឹកចំនួន ០៩៕