(ព្រះវិហារ)៖ បើគិតត្រឹមថ្ងៃនេះ នៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ហើយ។ គ្រប់គណបក្សនយោបាយទាំង២០ ដែលបានចុះឈ្មោះនៅ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានត្រៀមលក្ខណៈរៀងៗខ្លួន ដើម្បីចូលរួមប្រគួតប្រជែងតាមបែបលក្ខណៈសេរី និងយុត្តិធម៍។

សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា គេសង្កេតឃើញក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត រាជធានី ស្រុក ក្រុង ឃុំ សង្កាត់ បានកំពុងតែត្រៀមលក្ខណៈរៀបចំសមាជិក សមាជិកាដើម្បីបើកយុទ្ធនាការឃោសនាទ្រងទ្រាយធំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានេះ គេសង្កេតឃើញសមាជិកគណបក្សនយោបាយផ្សេងទៀត ក៏បានសុំមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញដែរ បន្ទាប់ពីពួកគាត់គិតថា មិនមានគណបក្សនយោបាយណាគួរជាទីកក់ក្តៅនោះ។

ជាក់ស្តែង សម្រាប់ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ សមាជិកគណបក្សផ្សេងចំនួន៣៣៣នាក់ បានមកសុំរួមរស់ជាមួយគណបក្សប្រជនកម្ពុជាវិញ ព្រមទាំងបានធ្វើពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ និងបានសំណេះសំណាលជាមួយសមាជិកបក្ស៩៣៨នាក់ មកពីសាខាបក្សភូមិទាំង៥ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ឃុំ គណៈកម្មាធិការបក្សស្រុក ឃុំនិងសាខាបក្សភូមិទាំង៥ផងដែរ។

នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ហើយលោកបានថ្លែងនូវការស្វាគមន៍ ចំពោះសមាជិក គណបក្សប្រជាជនកម្ពុជាថ្មីទាំង៣៣៣នាក់ ដែលបានសម្រេចចិត្តត្រូវវិលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជានៅពេលនេះ។

លោកបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានកសាងនូវសមិទ្ធិផលជាច្រើន ដើម្បីលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ។ ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជូនសង្គមជាតិ។

ជាមួយគ្នានេះផងដែរ លោក ពឹង ទ្រីដា ក៏បានអំពាវនាវឲ្យសមាជិកថ្មីទាំង៣៣៣នាក់ ក៏ដូចជា សមាជិកបក្សទូទាំងឃុំរតនះ ទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បោះឆ្នោតជូនគណបក្សប្រជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ ដឹកនាំប្រទេសឲ្យកាន់តែមានការអភិវឌ្ឍន៍ តទៅទៀត៕