(ភ្នំពេញ)៖ អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា នៅរាត្រីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញទៅចូលរួមក្នុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រី អាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ញឹម វណ្ណដា បានឲ្យដឹងថា សន្និសីទនេះធ្វើឡើងនៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលីពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការរៀបចំដោយរដ្ឋាភិបាលម៉ុងហ្គោលី និងអង្គការ UNISDR។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា កិច្ចប្រុជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី បង្ហាញសមិទ្ធផលសំខាន់ៗ ដែលអនុវត្តបានក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការអនុម័តក្របខ័ណ្ឌការងារ សេនដាយ ២០១៥-២០១៨, ផ្តល់ឱកាសឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារធៀបទៅនឹងសូចនាកររបស់សេនដាយ, ផ្តល់ឱកាសឲ្យប្រទេសជា សមាជិកអង្គការសហប្រជាជាតិ បង្កើនល្បឿនការងារ ឬធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ, ផ្តល់ឱកាសឲ្យប្រទេសម៉ុងហ្គោលី ដឹកនាំសកម្មភាពការងារ កាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងចំណុចចុងក្រោយ គឺផ្តល់ឱកាសឲ្យប្រទេសជាសមាជិកប្តេជ្ញាចិត្ត លើការងារកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយកម្រិតតំបន់អាស៊ី ដើម្បីអនុវត្ត និងតាមដានក្របខ័ណ្ឌការងារសេនដាយ ដោយសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨នេះនឹ ងត្រូវធ្វើឡើងក្រោមប្រធានបទ៖ «ការត្រៀមបង្កាហានិភ័យគ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។

តាមការគ្រោងទុក សន្និសីទនេះនឹងមានអ្នកចូលរួមប្រមាណ៣ពាន់នាក់មកពីបណ្តា ប្រទេសនៅអាស៊ី ប៉ាស៊ីហ្វិក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាថែមទៀតផង។

សូមជម្រាបជូនថា សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលីនេះ គឺជាសន្និសីទលើកទី៨ហើយ ដោយសន្និសីទលើកដំបូងធ្វើ ឡើងកាលពីឆ្នាំ២០០៥ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបានបន្តធ្វើប្រចាំឆ្នាំជាបន្តបន្ទាប់នៅតាម ប្រទេសនានានៅអាស៊ី មុននឹងឈានជើងមកដល់ប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៨នេះ៕