(ភ្នំពេញ)៖ កម្មករសំណង់២នាក់បានស្លាប់ភ្លាមៗ និង៣នាក់ផ្សេងទៀតរងរបួស ខណៈពេលកំពុងធ្វើការសុខៗ ស្រាប់តែជួបគ្រោះថ្នាក់បាក់អន្ទារប្លង់សេសង្កត់ពីលើពួកគេ នៅជាន់ទី២៣ នៃអគារខុនដូ «Mekong View Tower 6» ដែលកំពុងដំណើរការសាងសង់ នៅផ្លូវបេតុងកែវចិន្ដា ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានអះអាងឲ្យដឹងថា ចំពោះហេតុការណ៍បាក់ស្រុតអន្ទារប្លង់សេអគារជាន់ទី២៣ នៃខុនដូ «Mekong View Tower 6» ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ និងស្រាវជ្រាវភ្លាមៗ បានរកឃើញថា មិនមានមនុស្សបាត់ខ្លួននោះទេ តាំងពីកើតហេតុ ដល់ម៉ោងជិត១០យប់ឯណោះ រហូតដល់ព្រឹកថ្ងៃទី២ កក្កដានេះ នៅតែបន្តស៊ើបអង្កេតដដែល ដើម្បីរកមូលហេតុពិតប្រាកដ នៃការបាក់ស្រុតអន្ទារប្លង់សេ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ច និងអាជ្ញាធរ បានប្រើអេស្កាវ៉ាទ័រកាយរុករកឃើញកម្មករ២នាក់ បានស្លាប់បាត់បង់ជីវិត និងបានប្រគល់សពជូនក្រុមគ្រួសារ ឲ្យយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរួចហើយ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល និងបានបញ្ជូនទៅសម្រាកព្យាបាលសង្គ្រោះនៅឯមន្ទីរពេទ្យ។

សម្រាប់ហេតុការណ៍នេះ គេសង្កេតឃើញវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានបន្តទៀតថា អ្នកស្លាប់ក្នុងហេតុការណ៍ការបាក់ស្រុតអន្ទារប្លង់សេអគារជាន់ទី២៣ នៃខុនដូ «Mekong View Tower 6» ទី១-ឈ្មោះ បាន លាស់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ឃុំល្វា ស្រុកកោះសុទិន ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅការដ្ឋានសំណង់ និងទី២-ឈ្មោះ រៀម ហ៊ីង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា មានស្រុកកំណើតនៅភូមិកោរន្ធ ឃុំមុខវែង ស្រុកពួក ខេត្តសៀមរាប អ្នកទាំង២ បច្ចុប្បន្ន ស្នាក់នៅការដ្ឋានសំណង់ខាងលើ៕