(ក្រុងបាវិត)៖ ចាប់ពីថ្ងៃតទៅផលិតករ និងពាណិជ្ជករជាតិ នឹងលែងមានបញ្ហាកកស្ទះការនាំចេញផលិតផល និងទំនិញទៅកាន់ប្រទេសវៀតណាម និងប្រទេសទីបីទៀតហើយ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ទម្រង់ឌី (D) នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង និងសានដុង សាន់សែល ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

ពិធីសម្ពោធត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងតំណាងវិស័យឯកជនជាង ១០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើប្រតិភូកម្ម (ផ្ទេរមុខងារ និងគ្រប់គ្រង) ការចេញសេវា CO ដល់ថ្នាក់ក្រោមជាតិ សម្រាប់ខេត្តដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសកម្ពុជា ដូចជា៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តរតនគិរី។ ហើយការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មសេវាចេញ CO ទម្រង់ឌី (D) នៅក្នុងខេត្តស្វាយរៀងថ្ងៃនេះ គឺជាភស្តុតាងថ្មីដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរឹងមាំរបស់ក្រសួង។

«ក្រសួងពាណិជ្ជកម្ម នឹងបន្តដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តកម្ម នៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ CO ទម្រង់ផ្សេងៗទៀត!» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រី បានស្នើដល់មន្ត្រីប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ខិតខំពង្រឹងសមត្ថភាពជំនាញ និងភាសាបរទេស តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរបស់ក្រសួងពាណិជ្ជកម្ម និងការសិក្សាដោយខ្លួនឯង។ លើសពីនេះ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងគោលនយោបាយស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់ក្រសួង។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិស័យឯកជន ( ផលិតករ និងពាណិជ្ជករ) មកទទួលយកសេវាចេញ CO ទម្រង់ឌី (D) ក្នុងនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង និងសានដុង សាន់សែល ដើម្បី សន្សំពេលវេលា និងកាត់បន្ថយចំណាយ ក្នុងការនាំចេញទំនិញ និងផលិតផលទៅបរទេស។

គួររំលឹកដែរថា ចាប់តាំងពីឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មការចេញសេវា CO ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បានតភ្ជាប់ដោយជោគជ័យទៅនឹងប្រព័ន្ធបញ្ជរតែមួយជាតិ (Cambodian National Single Window-CNSW) និងកំពុងតភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជរតែមួយអាស៊ាន (ASEAN Single Window-ASW) ដែលត្រូវអនុវត្តន៍នៅចុងឆ្នាំ២០១៨នេះ ដើម្បីបញ្ជូនទិន្នន័យបឋមស្តីពី CO ទម្រង់ឌី (D) ទៅកាន់បណ្តាប្រទេសអាស៊ាន និង CO ទម្រង់ផ្សេងៗទៀត ទៅកាន់ប្រទេសជាដៃគូអាស៊ាន ស្របតាមកិច្ចព្រមព្រៀងស្តីពីភាពអនុគ្រោះពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានពីប្រទេសទាំងអស់៕