(ភ្នំពេញ)៖ ពិតជាគួរឲ្យរន្ធត់ និងអាណោចអាធម៌ជាទីបំផុត ដែលធ្វើឲ្យអ្នកឈរមើលទប់ទឹកភ្នែកមិនបាន ក៏ដោយសារតែជនរងគ្រោះ៣នាក់ ក្នុងនោះមាន ឪពុក កូន និងក្មួយសរុប៣នាក់ បានបាត់បង់ជីវិតក្នុងមួយប៉ព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដធុនធំបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅម៉ោងប្រហែល១១ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ ក្នុងក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះដែររួមមាន៖

ទី១៖ ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុជាង៥០ឆ្នាំ បើកបរម៉ូតូម៉ាក Nex ពាក់ផ្លាកលេខ ភ្នំពេញ 1DE-0752
ទី២៖ ជាកូនស្រីឈ្មោះ ម៉ាត់ សាណា អាយុជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ជិតដល់ថ្ងៃភ្ជាប់ពាក្យទៀតផង)
ទី៣៖ ត្រូវជាក្មួយស្រីមានឈ្មោះ ម៉ាត់ សារិកា អាយុទើបតែ៥ឆ្នាំ។

ជនរងគ្រោះអ្នកទាំង៣នាក់ ស្នាក់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះទេ។ ឯអ្នកបើករថយន្ដបង្ករមានឈ្មោះ ខូវ ខែម អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិធីព័ទ្អ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង និងជាអ្នកបើករថយន្តម៉ាក MITSUBISHI ពណ៌លឿង ពាក់ស្លាក់លេខ ពណ៌ក្រហម PP-2260។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយដូចៗគ្នាថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ក បើកដោយបុរសម្នាក់ និងម៉ូតូជនរងគ្រោះបើកឌុបគ្នា៣នាក់ ចេញពីរោចក្រម្ដុំគីឡូម៉ែត្រលេខ១០ ក្នុងទិសដៅស្របទិសគ្នា ពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈម៉ូតូបើកនៅពីខាងមុខរថយន្ដ លុះមកដល់ចំណុចកើតហេតុ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ រថយន្ដបែរជាជ្រុលចង្កូតទៅបុកម៉ូតូចំពីខាងក្រោយ បណ្ដាលឲ្យដួលកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗបុរសជាឪពុក ជាមួយកូនស្រី និងក្មួយ២នាក់ទៀត បានបោក និងទ្រូងផ្លូវស្លាប់ផងដែរ នៅនិងកន្លែងតែម្ដង។ តែសម្រាប់រថយន្ដបង្កបានព្យាយាមបើករត់គេចខ្លួន បានត្រឹមប្រហែលជា១០០ម៉ែត្រប៉ុណ្ណោះ ត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ដេញតាមចាប់បានទាំងអ្នកបើក និងរថយន្ដ បន្ទាប់ពីបើកបុកម៉ូតូជនរងគ្រោះ។

ក្រោយកើតហេតុការដ៍រន្ធត់នេះ កម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យវាស់វែងភ្លាមៗ យកទាំងម៉ូតូ និងរថយន្ដទៅរក្សាទុក និងប្រគល់សពជូនទៅឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕