(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ និងស្រុកកំពង់សៀម បានស្នើឲ្យប្រជាពលរដ្ឋ ស្ថិតនៅក្នុងខេត្តកំពង់ចាមទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សណា ដែលផ្ដល់សុខសន្ដិភាព និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនោះ គឺគណបក្សប្រជាជនកម្ពុជា។ការលើកឡើងបែបនេះ របស់លោក វេង សាខុន ធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក​អញ្ជើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកតំបែរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក វេង សាខុន បានជម្រាបពីដំណើរការ អភិវឌ្ឍប្រទេសជាតិ ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋ ត្រូវបានកែលម្អជាបណ្តើរៗ។

លោកបានបន្ដទៀតថា ដើម្បីបន្តការអភិវឌ្ឍស្រប តាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកំពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរ រាជរដ្ឋាភិបាលបានខិតខំ យកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដើម្បីដោះស្រាយនូវរាល់បញ្ហាជីវភាព និងសេចក្តីត្រូវការរបស់ពលរដ្ឋជាជំហានៗ ធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងពង្រីកនិងពង្រឹងកំណើន សេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

លោកបន្ដថា មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលមានមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នាឆ្នាំ២០៣០ តាមរយៈយុទ្ធសាស្រ្តទាក់ទាញ អំពាវនាវអ្នកវិនិយោគទុន សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវន្តសំខាន់ៗ សាងសង់រោងចក្រ សហគ្រាសគ្រប់ប្រភេទ ក្នុងបំណងបង្កើតការងារជូន ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ស្រូបយកកំលាំងពលកម្មក្នុងស្រុក និងបង្កើនការនាំចេញកសិផល កែច្នៃដែលមានគុណភាព សុវត្ថិភាពឆ្លើយតបតាម សេចក្តីត្រូវការរបស់ទីផ្សារ។

លោកបានបញ្ជាក់ទៀតថា «ដើម្បីឈានទៅសម្រេច បាននូវទស្សនវិស័យដ៏ត្រឹមត្រូវ និងច្បាស់លាស់នេះ សូមបងប្អូនពលរដ្ឋគ្រប់ៗរូបត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសកុំភ្លេចទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្ថែមទៀត»

បន្ទាប់ពីកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក វេង សាខុន បានអញ្ជើញទៅចាក់ថ្នាំការពារជំងឺអុតក្តាម និងជំងឺសារទឹកគោ ក្របី ជូនបងប្អូនប្រជាកសិករ នៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាមផងដែរ៕