(ភ្នំពេញ)៖ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរ អន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានឲ្យលើកឡើងថា គ្រប់រាជធានីខេត្តទាំងអស់ ត្រូវតែត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ចំពោះបណ្ណបើកបររបស់ជនបរទេស ពីព្រោះមានបរទេសខ្លះ មានតែបណ្ណបើកបរប្រទេសគេ តែពុំមានឯកសារ និងប័ណ្ណបើកបរនៅស្រុកខ្មែរយើងទេ។

នាយឧត្តមសេនីយ៍បានបន្តថា ចាប់ពីពេលនេះតទៅជនបរទេសណាក៏ដោយ ដាច់ខាតត្រូវតែមានបណ្ណបើកបរប្រទេសខ្លួន លិខិតឆ្លងដែនផ្សំជាមួយ ហើយត្រូវតែយកបណ្ណបើកបររបស់ខ្លួន មកឲ្យមន្ត្រីជាប់ពាក់ព័ន្ធនៅប្រទេសទី២ ចំលងតាមច្បាប់ដើមទើបជនបរទេស អាចមានសិទ្ធិបញ្ជាយានយន្តនៅប្រទេសទី២បាន។

នាយឧត្តមសេនីយ៍បន្តថា ប្រសិនបើពួកគេមានតែបណ្ណបើកបររបស់ប្រទេសខ្លួន ហើយពុំមានការចំលងត្រឹមតាមច្បប់ដើមរបស់ប្រទេសទី២ រួចបញ្ជាយានយានយន្ត នៅប្រទេសទី២ នោះជនបរទេសរូបនោះ ត្រូវចាត់វិធានការទៅតាមច្បាប់ បើជាប្រទេសទី២រកឃើញបទល្មើសពាក់ព័ន្ធ និងករណីគ្រោះថ្នាក់ចរាចរណ៍ តែបើមានការសង្ស័យថា ជនបរទេសប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវ តាមច្បាប់របស់ប្រទេសយើង មន្ត្រីនគរបាល មានសិទ្ធិស្នើសុំការបញ្ជាក់ពី ស្ថានទូតប្រទេសនោះ។

ដោយឡែក លោក សូ ពិសី អគ្គនាយរង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានបញ្ជាក់បន្ថែមផងដែរ លើបណ្ណបើកបរនៅប្រទេសកម្ពុជាយើង គឺមានចំនួន៥ប្រភេទ ហើយលោកក៏បានបញ្ជាក់ដូច នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ផងដែរ។

លោក សូ ពិសី បញ្ជាក់ថា ជនបរទេសដែលមានសិទ្ធិបញ្ជាយានយន្ត នៅប្រទេសទី២បាន លុះត្រាតែជនបរទេសរូបនោះ មានបណ្ណបើកបរអន្តរជាតិជាតិ ហើយបណ្ណបើកបរអន្តរជាតិនោះ គឺជាបណ្ណបើកបររបស់បរទេស ដែលបានធ្វើនៅប្រទេសខ្លួន និងត្រូវតែយកបណ្ណនោះមកចំលង តាមច្បាប់ដើមត្រឹមត្រូវពីប្ររទេសទី២ ដោយមានភ្ជាប់មកជាមួយលិខិតឆ្លងដែន និងបណ្ណបើកបរប្រទេសខ្លួន រួមជាមួយបណ្ណបើកបរប្រទេសទី២ ដែលមានការទទួលស្គាល់ត្រឹមត្រូវ ពីអាជ្ញាធររបស់ប្រទេសទី២៕