(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ​បានប្រាប់ទៅកាន់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវ​ធ្វើតាមគ្រប់វិធានការជំនាញ និងប្រើប្រាស់អស់លទ្ធភាពទទួលខុសត្រូវខ្ពស់ លើកិច្ចប្រតិបត្តិការការពារ ពង្រឹងស្មារតីកងកម្លាំងក្នុងការ បំពេញភារកិច្ចការពារ សន្តិសុខ សុវត្ថិភាព​ តាមបណ្តា​គោលដៅសំខាន់ៗ និងរាល់សកម្មភាពបង្កចលាចល នៅក្នុងខេត្ត។

ការលើកឡើងរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្លាំងអន្តរាគមន៍ ពិសេស ចំនួន៤២០នាក់ និងប្រគល់វិញ្ញាបនប័ត្រ​បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមវគ្គបំប៉នទប់ទល់សភាពការណ៍ ដែលមកតាមបណ្តាការិយាល័យជំនាញ និងតាមបណ្តាស្រុក ក្រុង ដែលមានភារកិច្ចត្រៀមទប់ទល់សភាពការណ៍​។

ក្នុងពិធីនេះ ក៏មានការចូលរួមពី​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងគណៈស្នងការ លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងស្រុកក្រុងទាំង១០ជាច្រើនរូបផ្សេងទៀតផងដែរ។

បន្ថែមពីនេះ លោក គួច ចំរើន បានគូសបញ្ជាក់ថា​កម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការទំនាក់ទំនងជាមួយគ្រប់ស្ថាប័នថ្នាក់លើ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល រាល់បាតុភាពមិនប្រក្រតីដែលកើតឡើង និងដោះស្រាយសម្ភារផ្សេងៗ ដើម្បីបម្រើកិច្ចប្រតិបត្តិការ បង្ការទប់ស្កាតបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន ​​បាន​ឧបត្ថម្ភថវិកា​ ចំនួន១០លានរៀល ជូនលោកឧត្តមសេនីយ៍ទោ ឯម កុសល សម្រាប់ដោះស្រាយជីវភាព ដល់កងកម្លាំងអន្តរាគមន៍ពិសេស ទប់ទល់សភាពការណ៍១០ស្រុក ក្រុង។ ចំណែកកងកម្លាំងទាំង៤២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា​ចំនួន២០,០០០រៀល ដែលជាអំណោយរបស់លោកអភិបាលខេត្ត៕