(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា ការទិញផលិតផលខ្មែរដាក់លក់នៅក្នុងផ្សារទំនើបៗ គឺជួយបង្កើតការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធផ្សារទំនើបខ្នាតតូចឃ្វីក និងអ៊ីហ្សី នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ការដាក់លក់ផលិតផលរបស់ខ្មែរ នៅតាមផ្សារទំនើបនេះដូចជា កាហ្វេ ទឹកដោះគោ និងផលិតផលផ្សេងៗទៀត នឹងជួយលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក ដើម្បីបង្កើនសន្ទុះការផលិតឲ្យបានច្រើនថែមទៀត ដោយសារមានទីផ្សារច្បាស់លាស់ត្រឹមត្រូវ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជំរុញឲ្យម្ចាស់ផ្សារទំនើបទាំងអស់ជួយបង្កើនការ ទិញផលិតផលខ្មែរ ដាក់លក់បន្ថែមទៀត ដើម្បីជួយលើកស្ទួយដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នាផងដែរលោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឲ្យអ្នកកែឆ្នៃផលិតផលក្នុងស្រុក ត្រូវបង្កើនគុណភាពការផលិតទំនិញរបស់ខ្លួន ឲ្យកាន់តែមានគុណភាព ដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញ ដែលនាំចូលមកពីបរទេស។

លោកបណ្ឌិត វីនសេន គង់ នាយកគ្រប់គ្រងផ្សារទំនើបខ្នាតតូចឃ្វីក និងអ៊ីហ្សី បានគាំទ្រចំពោះគំនិតនេះ និងប្តេជ្ញាថា នឹងជួយបង្កើនការទិញផលិតផលខ្មែរ ដាក់លក់នៅផ្សារទំនើបឃ្វីក និងអ៊ីហ្សី ឲ្យបានច្រើនផងដែរ។

លោក បណ្ឌិត វីនសេន គង់ បានបញ្ជាក់ថា នៅតាមសាខាទាំង៥កន្លែងនៅរាជធានីភ្នំពេញ ដែលសាខាទាំងនេះ បានលក់ផលិតផលខ្មែរមួយចំនួនរួចហើយ ដូចជាកាហ្វេ មណ្ឌលគីរី រតនគីរី ម្រេចកំពត និងការ៉េមជាដើម។

លោកបានបន្តថា ផ្សារទំនើបខ្នាតតូច Quick & Easy នឹងមានគម្រោងពង្រីកបន្ថែមសាខាកាន់តែច្រើនបន្តបន្ទាប់រហូត ដល់ទៅ១០០សាខា នៅពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសតាមតំបន់ផ្សេងៗ នៅក្នុងរយៈពេល២ ទៅ៣ ឆ្នាំខាងមុខទៀត។

លោកបានបញ្ជាក់ថាហាង Quick & easy នគោលបំណងដើម្បីផ្តល់ជូននូវជម្រើសលើមុខ ទំនិញដែលមានគុណភាពខ្ពស់ដែលនាំចូល មកទាំងក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន ក៏ដូចជាផ្ដល់ជូននូវ «កន្លែងធ្វើការដ៏ល្អបំផុត» សម្រាប់បុគ្គលិករបស់យើងក៏ដូចជាប្រជាជនកម្ពុជា និង ជា «ហាងលក់ទំនិញល្អបំផុត» សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាផងដែរ៕