(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦​ កំពុងខិតចូលមកដល់ជាបណ្ដើរៗនោះ ក្រុមកីឡាករជាជនពិការដែលកំពុងហ្វឹកហាត់ និងបម្រើការនៅគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងមន្ត្រី និងគ្រូបង្វឹកកីឡា បានបញ្ជាក់ពីការត្រៀមខ្លួនទៅបោះឆ្នោត នាពេលខាងមុខរួចជាស្រេច ពោលមិនបណ្ដោយឱ្យការប្រើប្រាសសន្លឹកឆ្នោតរបស់ពួកគាត់ រំលងផុតទទេរៗឡើយ។

ជាមន្ត្រីបម្រើការនៅគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កញ្ញា សន សុខលាភ បានបញ្ជាក់ថា ដើម្បីបំពេញសិទ្ធិជាប្រជាពលរដ្ឋខ្មែរ កញ្ញាពិតជាចង់ចូលរួមបោះឆ្នោតខាងមុខនេះណាស់ ហើយកញ្ញាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

លោក យី សុភក្ត្រា ជាគ្រូបង្វឹកកីឡាផ្នែកអត្តពលកម្មជនពិការ និងជាមន្ត្រីនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានប្ដេជ្ញានឹងទៅបោះឆ្នោតឱ្យខាងតែបានផងដែរ ដោយលោកបានពន្យល់ពីសារសំខាន់នៃការបោះឆ្នោតនេះថា ការប្រើប្រាស់សន្លឹកឆ្នោតរបស់ពលរដ្ឋម្នាក់ៗ ជាការជ្រើសរើសមេដឹកនាំមួយរូបដ៏ល្អ ដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងនាំមកនូវសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។

គ្រូកីឡាបាញ់កាំភ្លើងមួយក្រុមទៀត ក៏បានបញ្ជាក់រៀងៗខ្លួនដែរថា ពួកគាត់បានត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររួចជាស្រេច ក្នុងការបម្រើដល់ការបោះឆ្នោត និងបានផ្ដែផ្ដាំសាច់ញាតិ និងមិត្តភក្តិដទៃទៀត ឱ្យត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ៕

សូមទស្សនាវីដេអូខ្លីនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News ជាមួយគ្រូបង្វឹក និងមន្ត្រីកីឡានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៖