(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុប មានជិត៦ពាន់់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ខណៈកម្ពុជានាំចេញទៅ​អឺរ៉ុបជាង៤ពាន់់លានដុល្លារ ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជា ជិត១ពាន់់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

ថ្លែងឲ្យដឹងក្នុងកម្មវិធី តាំងពិព័រណ៍អឺរ៉ុប លើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី តឹករ៉េត កំរង បានថ្លែងឲ្យដឹងថា «សហគមអឺរ៉ុបជាប្រទេស​ទី១ ដែលទទួលទិញទំនិញ ពីកម្ពុជាច្រើនជាងគេ ជាពិសេសផ្នែកសម្លៀកបំពាក់, កង់ និងស្បែកជើងជាដើម ដែលនេះជាការពង្រឹងទំនាក់ទំនងរវាកម្ពុជា-អឺរ៉ុប ឲ្យ​កាន់រឹងមាំបន្ថែមទៀត»

លោកស្រីបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុបមានជាង៦ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជានាំចេញ៤ពាន់លានដុល្លារ ចំណែកសហគមអឺរ៉ុប នាំចូលមកកម្ពុជាជិត១ពាន់លានដុល្លារប៉ុណ្ណោះ។ សហគមអឺរ៉ុប ជា​ប្រទេសទី១ដែលទទួលផលិតផលនាំចេញរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងថ្ងៃទី២៩ ខែមិថុនានេះ សហគមអឺរ៉ុប បានរៀបចំពិព័រណ៍ ពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅកម្ពុជា ដោយមានក្រុមហ៊ុន ប្រមាណជាង៤០ស្ដង់ចូលរួម ក្នុងនោះមានក្រុមហ៊ុន ផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។

ក្នុងពិព័រណ័នោះក៏មានការតាំងបង្ហាញនូវម៉ាករថយន្ដ មានម៉ាកល្បីៗដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth អ្វីដែលកាន់តែពិសេសទៀតនោះ មានការបញ្ចុះតម្លៃថែមទៀតផង។

លោកស្រី តឹករ៉េត កំរង បានបន្ថែមថា ការតាំងពិព័រណ៍ របស់សមាគអឺរ៉ុបនៅថ្ងៃនេះ ជាឱកាសល្អសម្រាប់វិនិយោគិនកម្ពុជា និងវិនិយោគិនអឺរ៉ុប ក្នុង​ការ​ពង្រឹងប្រតិបត្តិការ សេដ្ឋកិច្ចជាមួយបណ្ដា ប្រទេសផ្សេងៗលើពិភពលោក។ អ្វីដែលសំខាន់ទៀតនោះ ការវិនិយោគនេះមិនត្រឹមតែ ផ្ដល់អត្ថប្រយោជន៍ ចំពោះកម្ពុជាប៉ុណ្ណោះទេ តែនឹងផ្ដល់ដល់បណ្ដាល ប្រទេសផ្សេងៗលើពិភពលោកផងដែរ។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជាថ្លែងថា នេះជាកិត្តិយសដ៏ធំធេងមួយសម្រាប់អឺរ៉ុប ដែលបានមកចូលរួម រៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១នេះ នឹងដាក់តាំងផលិតផលល្បីៗ និងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ហើយនេះជាការជួយជម្រុញបណ្ដូរ ពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុបផងដែរ។

តំណាងក្រុមហ៊ុន Cambodia Airports បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Cambodia Airports ជាអ្នកដឹកនាំក្នុងការរៀបចំពិព័រណ៍អឺរ៉ុបនេះ និងបានចូលរួមយ៉ាងខ្លាំងក្លាក្នុងពិព័រណ៍អឺរ៉ុបនេះ។ ក្រុមហ៊ុន Cambodia Airport បានផ្ដល់នូវការងារជាច្រើនទៅដល់ប្រជាជនផងដែរ។

លោកបានបន្ដទៀតថា ក្រុមហ៊ុន Cabodia Airports ក៏បាននាំភ្ញៀវប្រមាណ៨,៨លាននាក់ចូលមកទស្សនាប្រទេសកម្ពុជាផងដែរ ក្នុងឆ្នាំ២០១៧៕