(ត្បូងឃ្មុំ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងការកសាងផ្សារ ព្រំដែនកម្ពុជា-វៀតណាម (ផ្សារដារ) និង លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងគណៈកម្មាធិការគ្រប់គ្រងការកសាង ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួ​យភាគីវៀតណាម ដែលជាអ្នកទទួលការសាងសង់ នៅរសៀ​លថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផល នៃការអនុវត្តការសាងសង់ ផ្សារព្រំដែនកម្ពុជាវៀតណាម (ផ្សារដារ) ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ផ្សារគំរូព្រំដែនកម្ពុជាវៀតណាម ដែលហៅថាផ្សារដារនេះ ចាប់ផ្តើមសាងសង់បាន៥ខែមកហើយ ដោយសម្រេចការសាងសង់បាន៣៥%។ ផ្សារនេះមានទំហំ ១០០ម៉ែត្រ គុណ១៩០ម៉ែត្រ ប្រវែង ៤៧.២ម៉ែត្រ គុណ៤៧២ម៉ែត្រ កំពស់១៤.៤ម៉ែត្រ ព្រមទាំងមានឃ្លាំង បន្ទប់ទឹក និងរោងយាមផងដែរ។

ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម៕