(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងនោះផងដែ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំ មន្ត្រីរាជការ និ​ងក្រុមការងារចុះ​ជួយស្រុកសង្គមថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលការព្យាបាល ជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នោះផងដែរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ​​​​ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេ​ជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានចាត់ទុកជាករណីអាទិភាពបំផុត ក្នុងការកសាងប្រទេសជាតិឱ្យ មានការរីកចំរើន ប្រសិន​បើសុខមាលភាពរបស់ប​ងប្អូនប្រជាពលរដ្ឋ មិនត្រូវបានលើកកម្ពស់ទេនោះ ការអភិវឌ្ឍន៍ប្រទេសមិនអាចមានការរីកចំរើន លូតលាស់ទៅមុខ បានដែរ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលយល់ពីទុក្ខប្រជាជន។

លោកបានបន្ថែមទៀតថា ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រូពេ​ទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥត​គិតថ្លៃ នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ដែលការចុះពិនិត្យព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យ នៅពេលនេះគឺជាថ្ងៃទី៤ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ យើងបានចុះព្យាបាលជំងឺជូនប្រជាពល​រដ្ឋ ដោ​យឥតគិតថ្លៃ បាន៣ក្រុងស្រុកមកហើយ និងបន្តព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមស្រុកផ្សេងៗ ជាបន្តបន្ទាប់ទៀតនៅក្នុងខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បាន​សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការអត់ធ្មត់ក្នុងការមក ទទួលសេវាព្យាបាលជំងឺ ព្រោះដោយសារបងប្អូន យើងមកច្រើនពេក ដូច្នេះតែងមានការយឺតយ៉ាវ ដោយសារការរង់ចាំ តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យយើង និងខិតខំព្យាបាលជំងឺរហូតបានគ្រប់ៗគ្នា។ ហើយលោកក៏បានធ្វើការអំ​ពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្ស ដែលបងប្អូនពេញចិត្ត គណបក្ស​ដែលបំរើ​បងប្អូនពិតប្រាកដ គណបក្សដែលនៅជាមួយបងប្អូនរហូតមក កុំជឿតាមការញុះញុងរបស់គណបក្សដែលស្គាល់បងប្អូន តែរដូវបោះឆ្នោតនោះ៕