(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា យុទ្ធនាការក្នុងការទប់ស្កាត់ថង់បា្លស្ទីក នៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ដូច្នេះវាត្រូវទាមទារឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការប្រើប្រាស់ចំពោះថង់ប្លាស្ទីកទាំងអស់គ្នា។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យុទ្ធនាការ ដើម្បីបំបាត់នៅថង់ប្លាស្ទីក ហើរតាមខ្យល់មិនទាន់សម្រេចជោគជ័យទេ ដែលទាមទារឲ្យប្រជាពលរដ្ឋរបស់យើងចូលរួម ព្រោះថង់ប្លាស្ទីកទាំងអស់នឹង វាហូរចូលទៅក្នុងលូថែមទៀត ដែលបង្កើតទៅជាការស្ទះលូ និងសំរាមផ្សេងៗ ដែលវាទៅជាមួយ...ចឹងទេ បានយើងត្រូវប្រឹងជាមួយគ្នា»។

សម្ដេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតឲ្យច្បាស់រវាងកម្ពស់ទឹកសមុទ្រ និងកម្ពស់ទីក្រុងភ្នំពេញ...ព្រោះមានតែព្រះបរមរាជវាំង និងវិមានឯករាជ្យទេ ដែលខ្ពស់ជាងកម្ពស់ទឹកសមុទ្រ ដូច្នេះវាងាយណាស់ នៅក្នុងការលិចទីក្រុងភ្នំពេញ។ សម្ដេចតេជោបានឲ្យដឹងថា ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី គឺជាទីក្រុង ដែលងាយណាស់ នូវការជន់លិច។

សម្ដេចតេជោ បានបន្ថែមទៀតថា «យើងត្រូវរួមគ្នា...យើងនឹងបន្ដដើម្បីដោះស្រាយបញ្ហានេះ។ បន្ថែមលើនោះ ប្រជាពលរដ្ឋរបស់យើង បានទៅតាំងទីលំនៅ នៅតាមតំបន់មួយចំនួន ដែលជាប់ជាមួយ នឹងប្រឡាយ...ឥលូវអាជ្ញាធរក្រុងកំពុងដោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់នោះ បានរស់នៅស្របច្បាប់នៅតំបន់ទាំងនោះ តាមវិធីកាត់បន្ថយនូវចំនួនទំហំប្រឡាយ ហើយសុខចិត្តជីកវាឲ្យជ្រៅ»។

ពាក់ព័ន្ធនឹងការលើកឡើងចំពោះទីតាំង ដែលប្រជាពលរដ្ឋកំពុងរស់នៅជាប់នឹងប្រឡាយ សម្ដេចតេជោ បានបញ្ជាក់ថា​ បងប្អូនដែលរស់នៅជាប់នឹងប្រឡាយ សូមមេត្ដាកុំបារម្ភ រាជរដ្ឋាភិបាលបានឲ្យគោលនយោបាយ ទៅសាលារាជធានីភ្នំពេញរួចហើយ ដើម្បីឲ្យសាលារាជធានីភ្នំពេញ រកវិធីដោះស្រាយកាត់បន្ថយទំហំប្រឡាយ ហើយជីកប្រឡាយឲ្យជ្រៅ...ដីដែលបងប្អូនរស់នៅ ក្លាយទៅជាដីស្របច្បាប់តែម្ដង។

ប្រមុខដឹកនាំកម្ពុជា បានបន្ថែមថា «នេះហើយជាស្ថានភាព នៃការដោះស្រាយ ឈ្នះឈ្នះ ប្រសិនជាយើង ទៅយកប្រជាជនទាំងអស់ ចេញពីកន្លែងនឹង វានឹងបង្កើតបានជារឿងថ្មីមួយទៀត តើយើងយកប្រជាពលរដ្ឋទាំងនេះ យកទៅទុកនៅកន្លែងណា?»។

ទន្ទឹមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលខាងមុខ សម្ដេចមានបំណងចង់ដោះស្រាយបញ្ហា កាត់បន្ថយទំហំប្រឡាយ នៅតាមវាលស្រែទាំងឡាយ ដែលវាមិនចាំបាច់ ដែលអាចធ្វើឲ្យចំណេញផ្ទៃដី សម្រាប់បង្កបង្កើន ផលចំនួនច្រើន តាមរយៈប្រឡាយដែលមិនមែនជាប្រឡាយ ប្រើប្រាស់ជាចរាចរណ៍ដឹកជញ្ជូន។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទៀតថា សម្រាប់ប្រឡាយ ចំបាច់ដើម្បីចែកចាយទឹក ត្រូវចាក់ស៊ីម៉ង់ត៍តែម្តង។ ប៉ុន្តែការអនុវតន៍នេះ នឹងត្រូវអនុវត្តន៍នៅក្រោយឆ្នាំ២០៣០។ សម្ដេចបានបញ្ជាក់ថា ចំណុចនេះ ត្រូវបានលើកឡើង នៅក្នុងមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៨៥ ដែលសម្ដេចជានាយករដ្ឋមន្ដ្រីនៅពេលនោះ។