(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានស្នើទៅកាន់ប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តព្រៃវែង បង្កើនការផ្តល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

«សូមមន្ត្រីទាំងអស់ បន្តកិច្ចសហការចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញនានា និងចាត់វិធានការដកហូតរាល់ទំនិញដែលខូចគុណភាព ឬផុតកាលបរិច្ឆេទប្រើប្រាស់ ធ្វើការដុតកំទេចចោល ដើម្បីការពារសុខមាលភាពប្រជាជន។ លើសពីនេះ ត្រូវខិតខំផ្តល់សេវាសារធាណៈឲ្យបានល្អ ជូនវិស័យឯកជន ដើម្បីធ្វើឲ្យវិស័យពាណិជ្ជកម្មខេត្តព្រៃវែង កាន់តែមានភាពរីកចម្រើន»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ដែលរៀបចំឡើង​នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តព្រៃវែង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងតំណាងវិស័យឯកជនជាង ២០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរអតីតប្រធានមន្ទីរពាណិជ្ជកម្ម ដែលលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតធ្វើឲ្យមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់ និងបានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលការងារសង្ខេបរបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ និងធានាការលូតលាស់នៃវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រៃវែង ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រសកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដូចជា៖ ចូលរួមតាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ ចុះអប់រំ និងផ្សព្វផ្សាយពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ព្រមទាំងសហការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ជាដើម៕