(​បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីឃុំចំណោម​ និងឃុំសឿ​ ដែលមានអ្នកចូលរួមជិត៤,០០០នាក់​ នៅវិទ្យាល័យរោងគោ​ ឃុំចំណោម​ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី, សម្ដេច​ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​​សម្តេចក្រឡាហោម​ ស​ ខេង​។

ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា​ ប្រទេសមានស្ថេរភាពនយោបាយ​ មានសន្តិភាព​ និងសន្តិសុខ​ ដែលកើតពីការខិតខំប្រឹងប្រឹងរួមគ្នា ដើរតាមបន្ទាត់នយោបាយយ៉ាងត្រឹមត្រូវរបស់បក្សប្រជាជន និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍​ ការជឿជាក់ពីអ្នកវិនិយោគទុនរកស៊ីរយៈពេលវែង​ ដោយរាជរដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌងាយស្រួល ដល់វិនិយោគគិនបរទេស មានសិទ្ធិបើកក្រុមហ៊ុនផ្ទាល់ ខ្លួន១០០% ដោយមិនចាំបាច់ត្រូវការពឹងពាក់ ឬការចូលរួមពីអ្នកវិនិយោគក្នុងស្រុកឡើយ​។

ការធ្វើបែបនេះក្នុងគោលបំណងដើម្បីបង្កើតឱកាសការងារ​បង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋមានជីវភាពរស់នៅ កាន់តែប្រសើរឡើង​ ហើយ​កម្មការិនី​ជាស្រ្តីមានផ្ទៃពោះសំរាលកូន គឺ​ទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ​១២០%​។

ជាមួយគ្នានេះ​ ​លោក​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ដែលគោរពស្រលាញ់សម្តេច​ ហ៊ុន សែន​ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​គ្រប់អាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន​ សែន​ បន្តទៀតនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​​ឲ្យបានគ្រប់គ្នា​ លេខរៀងទី២០​ ងាយចាំ​ ងាយគិត​ ស្រួលគូស​ ដើម្បីបន្តសុខសន្តិភាព​ និងការអភិវឌ្ឍគ្រប់វិស័យបន្ថែមទៀត។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ លោក កែ គឹមយ៉ាន បាននាំយកថវិកា​ សម្ភារ​ និង​អំណោយចែកជូនមាន៖ ​ជូនប្រជាពលរដ្ឋ ចំនួន​៣,៥៩៤នាក់ ម្នាក់ៗ​​ទទួលបានសារ៉ុង​១, ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំចំណោម​ និងឃុំសឿ​ ចំនួន២៨៥នាក់ ក្នុងម្នាក់ៗ​ទទួលបាន​​ ថវិកា​២​ម៉ឺនរៀល ​សារ៉ុង​១​​ក្រម៉ា បំពង់ទឹកក្ដៅ មី​ ពិល​ ទឹកដោះគោ​ ប្រេងកូឡា​ ប្រេងខ្យល់ ​ស្ករស អំបិលអ៊ីយ៉ូត​តែ ប្រេងឆា កៅអៀក, ​ជូនគណកម្មាធិការបក្សឃុំចំណោម​ និងឃុំសឿ​ មួយឃុំៗ​​ថវិកា១លានរៀល, ជូនមណ្ឌលសុខភាពចំណោម​ ថវិកា​៥០ម៉ឺន​រៀល, ជូនវិទ្យាល័យរោងគោ ថវិកា៥០ម៉ឺនរៀល, ជួសជុលផ្លូវ២០០០ម៉ែត្រ ​ឆ្លងកាត់ភូមិបល័្លង្គជ្រៃ​ ទៅអូរជួបថ្មី​ ឃុំសឿ, ជួសជុលផ្លូវ១១,០០០ម៉ែត្រ​ ពីភូមិបឹងតូច ទៅភូមិបល័្លង្គជ្រៃនិងអូរជួបថ្មី​, ជួសជុលផ្លូវប្រវែង១​២,០០០ម៉ែត្រ ​ពី​ចំណោមខាងលិចទៅសាយសាម៉ន, ជួសជុលផ្លូវក្រាលថ្មមិចពី ភូមិរង្វានប្រវែង១,៣០០ម៉ែត្រ, ជួសជុលផ្លូវ និងស្តារប្រឡាយ១ខ្សែភ្ជាប់ពីឃុំសឿ​ មកឃុំចំណោម ប្រវែង១៥០០ម៉ែត្រ​។

ផ្លូវក្រាលគ្រួសក្រហមទាំងអស់ដែល ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ ផ្តល់ជូនប្រជាពលរដ្ឋឃុំចំណោម​ និងឃុំសឿ​ សរុបមានប្រវែង២៧គីឡូម៉ែត្រ៕