(ភ្នំពេញ)៖ «ក្រមា» គឺជាស្នាដៃសិប្បកម្មត្បាញ ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្តិ៍ដំណែល តកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ក្នុងគោលគំនិតគាំទ្រ និងលើកតម្លើងផលិតផល ក្រមាជា​ពិសេស គឺតម្បាញក្រមា ដែលវែងជាងគេលើពិភពលោក មានប្រវែង រហូតដល់១ពាន់ម៉ែត្រ ដែលជាគំនិតផ្តួចផ្តើមរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាននោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប បានអញ្ជើញទស្សនៈកិច្ច និងចូលរួមត្បាញក្រមាឲ្យបាន ប្រវែង១ពាន់ម៉ែត្រ សម្រាប់ដាក់បញ្ចូលក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក ជាក្រមាវែងជាងគេលើពិភពលោក ដែលមានទីតាំងរៀបចំឡើង នៅទីវាលព្រះមេរុ ជិតព្រះបរមរាជវាំង រាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវសមានចិត្តរីករាយ និងថ្លែងការកោតសរសើរ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បង្កើតឲ្យមានសាលាតម្បាញក្រមានេះ នៅចំកណ្តាលរាជធានីភ្នំពេញ ដែលពីមុនយើងធ្លាប់ឃើញការត្បាញក្រមា នៅតែតំបន់ជនបទ និងជាយរាជធានី។ ជាពិសេសបានបើកឱកាស ឲ្យសាធារណៈជនទូទៅ អាចចូលរួមត្បាញក្រមា វែងជាងគេនេះ ដើម្បីទទួលបានឯតទគ្គកម្ម កំណត់ត្រាពិភពលោក ក្រោមពាក្យស្លោកថា​ «ជឿថា ខ្មែរអាចធ្វើបាន» ទៀតផង។ នេះក៏ព្រោះចង់បង្ហាញពីសាមគ្គីភាពរឹងមាំ នៃប្រជាជាតិខ្មែរ ក្រោមម្លប់សន្តិភាព ដែលបានកើតឡើងលើទឹកដីអង្គរ ក្រោមការ ដឹកនាំដ៏វៀងវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ ទៅលើគោលនយោបាយអភិវឌ្ឍន៍ និងលើកទឹកចិត្តវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលពិតណាស់ គោលនយោបាយនេះមួយ ផ្នែកមានចក្ខុវិស័យមុតស្រួចចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នូវអ្វីដែលជាកេរ្តិ៍ដំណែលបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយៗ ដែលកើតឡើងដោយភាពអំណត់ព្យាយាម របស់បុព្វបុរសខ្មែរ ហើយមកដល់ពេលនេះបានផ្សព្វផ្សាយ ទូលំទូលាយទាំងលើឆាកជាតិ និងអន្តរជាតិ។
ជាក់ស្តែង ក្តីសង្ឃឹមនៃការទទួលបានឯតទគ្គកម្ម នៃកំណត់ត្រាពិភពលោក ជាក្រមាវែងជាងគេលើពិភពលោកនា ពេលខាងមុខនេះ​ក្រមាខ្មែរ នឹងត្រូវទទួលស្គាល់កាន់តែទូលំទូលាយ ថែមទៀត។

សូមជម្រាប​ថា យុទ្ធនាការក្រមា​ «បំបែកឯកទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ ក្នុងគោលបំណងធំៗបី រួមមាន៖

១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

២)បង្កើនការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ។

៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នា បង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕