(ភ្នំពេញ)៖ នាប៉ុន្មានថ្ងៃជាប់គ្នានេះ ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បានធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ទទួលរងការលិចលង់។ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង វាជាកង្វល់ដ៏ធំមួយ របស់អាជ្ញាធររាជធានីភ្នំពេញ។ ដើម្បីដោះស្រាយនូវកង្វល់នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ចេញជាផែនការជាអាទិភាព ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ចុះធ្វើកិច្ចការងារនេះ សំដៅធ្វើយ៉ាងណាដោះស្រាយបញ្ហាលិចលង់នេះឲ្យបានប្រសើរឡើង។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨នេះ ពោលគឺក្រោយបញ្ចប់កម្មវិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ឲ្យមានសេចក្តីសុខតាមបែបសាសនា ក្នុងដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ លោក ឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះទៅពិនិត្យមើលស្ថានីយបូមទឹកកប់ស្រូវ និងបន្តដំណើរមកមើលសកម្មភាពជីក ស្តារ កាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌឫស្សីកែវ ប្រមាណ២គីទ្បូរមែត្រទំហំ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ ដល់មុខហ្គ្រែនភ្នំពេញបន្តទៀត។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា តបតាមបញ្ជាដឹកនាំរបស់លោក ឃួង ស្រេង បានឲ្យរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរធនធានទឹករាជធានីភ្នំពេញ ចុះស្ដារប្រឡាយមេមួយខ្សែ ប្រមាណ២គីទ្បូមែត្រ ដែលមានទំហំ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ ដល់មុខហ្គ្រែនភ្នំពេញ ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរ និងអាជ្ញាធរខណ្ឌដាក់បន្ថែមគ្រឿងចក្រ សំដៅធ្វើយ៉ាងណា ដោះស្រាយការងារនេះឲ្យបានលឿននិងទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា កន្លងមកនេះ ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន៥គម្រោង លើចំនួន៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។

តំបន់លិចទឹកទាំង៥កន្លែង ដែលត្រូវដោះស្រាយនេះ រួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយ ស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀត ទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦,៨ម៉ែត្រ និង ៤,៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួងងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរីសឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុង ស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ ស្ថានីយ៍បុរី១០០ខ្នង ទី២ ស្ថានីយ៍លូ ៥ ទី៣ ស្ថានីយ៍បឹងទំពុន និងទី៤ ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។

ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ នូវបានដាក់ចេញជាយុទ្ធនាការស្តារលូ ទាំងខ្នាតតូច និងខ្នាតធំ នៅ៤ខណ្ឌ កណ្តាលក្រុង ដែលមានប្រវែង៤១៨គីឡូម៉ែត្រ ថែមទៀតផងដែរ៕