(កណ្តាល)៖ ស្ត្រីក្រីក្រពិការអង្គុយតែលើរទេះរុញម្នាក់គឺអ្នកស្រី វង់ ធារី អាយុ៥១ឆ្នាំ រស់នៅភូមិឡកំបោរ សង្លាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងថា ដោយសារតែការទ័លច្រក គ្មានប្រាក់ព្យាបាលខ្លួន ចិញ្ចឹមកូន៤នាក់ និងចៅ៣នាក់ផង បានសម្រេចចិត្តទៅទិញប្រភេទឈើ ឬឈើជជុះមកបោះឲ្យដេប៉ូឈើនៅស្រុកស្អាង ខេត្តកណ្តាល គ្រាន់បានចំណេញតិចតួច សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ប៉ុន្តែកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ស្រាប់តែមន្រ្តីរដ្ឋ​បាលព្រៃឈើ និងសមត្ថកិច្ចខេត្តកណ្តាល ចាប់រថយន្តជួលដឹកឈើរបស់គាត់ ​និងតម្រូវឲ្យបង់ផាកពិន័យរហូតដល់៤៧លានរៀល ទើបប្រគល់រថយន្តជូនវិញ។ ការតម្រូវឲ្យបង់យ៉ាងដូច្នេះ ស្រ្តីជនពិការរូបនេះ បានសុំទទូចដល់មន្រ្តីរដ្ឋបាលឈើមានការយោគយល់ផង ដោយសារតែអ្នកស្រី មិនមានប្រកាសដល់ចំនួនប៉ុណ្ណេះទេ បើមានលុយច្រើនយ៉ាងនេះ មិនទៅបង្ខំទៅទិញឈើជជុះគ្រាន់បានចិញ្ចឹមកូន និងចៅជិត១០​នាក់ឡើយ។

ស្រ្តីរូបនេះ បានរៀបរាប់ពីប្រវត្តថា មូលហេតុដែលនាំគាត់ពិការបែបនេះ ក៏ដោយសារតែប្តីរបស់គាត់វាយធ្វើបាបយ៉ាងដូច្នោះដែរ រហូតបាត់បង់កូននៅក្នុងផ្ទៃទៀតផង នៅពេលធ្វើការវះកាត់របួស របស់ខ្លួន រហូតធ្លាក់ខ្លួនពិការដល់សព្វថ្ងៃ។

ដោយសារតែជីវភាពខ្វះខាតខ្លាំង ក៏សម្រេចចិត្តទៅសុំលោកអភិបាលខេត្តពោធិ៍សាត់ និងជំនាញពាក់ព័ន្ធនានា សុំទិញឈើជជុះ និងល្អខ្លះមកលក់ឲ្យដេប៉ូឈើនៅស្រុកស្អាង ក្រែងបានកំរ៉ៃចំណេញច្រើនបន្តិច យកទៅទៅវះកាត់ជើង និងក្រែងសល់ប្រាក់ខ្លះ សម្រាប់ថែកូន និងចៅ។

ស្ត្រីពិការបានបន្តទៀតថា ដោយសារតែលោកអភិបាលខេត្ត ពិនិត្យឃើញសភាពរបស់គាត់ ក៏បានអនុគ្រោះឲ្យទិញដឹកចេញពីខេត្តពោធិ៍សាត់ ដោយមានការឯកភាពពីជំនាញ់ពាក់ព័ន្ធនានាផងដែរ។ ប៉ុន្តែការដឹកនេះគាត់សុំដឹកតែ៣ជើងនោះទេ ដោយ១ ជើងឈើដាក់ត្រឹម១០ម៉ែត្រគូបតែប៉ុណ្ណោះ។ ឈើទាំងនេះជាប្រភេទឈើជជុះ ផ្តៀក និងឈើល្អប្រភេទ១២គុណ និង១៥ ដោយគាត់បានជំពាក់ម្ចាស់ដេប៉ូគេស្ទើរទាំងស្រុង បានឲ្យប្រាក់ម្ចាស់ដេប៉ូគេត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះដោយគាត់ធ្លាប់ស្គាល់ម្ចាស់ដេប៉ូនោះ។

ម្យ៉ាងវិញទៀត ដោយសារតែគេអាណិត ឃើញជើងគាត់ទន់រលេករឡាក់ គ្មានលុយព្យាបាលជំងឺក៏ចេះជឿឲ្យគាត់សិនទៅ។ ស្ត្រីពិការដដែលបានបន្តទៀតថា ក្រោយពីទិញឈើគេ តែជំពាក់បានហើយ រកជួលរថយន្តមិនបាន ព្រោះគេមិនហ៊ានដឹកឲ្យ លុះពេលមន្ត្រីជំនាញប្រាប់ម្ចាស់រថយន្តថា ដឹកឲ្យគាត់ទៅ គាត់បានសុំពីថ្នាក់ខេត្តរហូតដល់ ជំនាញ់ពាក់ព័ន្ធតាមដងផ្លូវផងដែរអស់ហើយ ទើបម្ចាស់រថយន្តគេហ៊ានដឹកឲ្យ លុះពេលដឹកឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងផុត មកដល់ទឹកដីខេត្តកណ្តាលគល់ស្ពានព្រែកក្តាម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានកម្លាំងជំនាញព្រៃឈើ និងកម្លាំងប្រដាប់អាវុធផងដែរ ទៅឃាត់ចាប់រថយន្ត និងឈើរបស់គាត់។ ពេលនោះគាត់ទៅអង្វរកម្លាំងដែលចុះសូមឲ្យដោះលែង ឈើនិងរថយន្តគាត់ទៅ ប៉ុន្តែត្រូវបានកម្លាំងដែលចុះគេថាប្រមាថ និងបើកឡានចេញទៅកៀរគាត់ដួលបោកទៅនិងថ្នល់ផងដែរ។

ស្ត្រីពិការបានបន្តថា ក្រោយពីបញ្ជូនមកដល់ស្នាក់ការរដ្ឋបាលព្រៃឈើ ខេត្តកណ្តាល គាត់បានមកទទូចសុំអង្វរដោះលែងរថយន្ត និងឈើគាត់ តែមេព្រៃខេត្តកណ្តាល មិនអាណិតគាត់ទេ ទោះបីឃើញគាត់ពិការជើង ដាក់ដែកឈាមហូរមកនោះក៏ដោយ បែរជាគេប្រាប់ឲ្យគាត់ទៅរកលុយ៤៧លានរៀល មកបង់ពិន័យដាក់ចូលទៅរដ្ឋ ទើបគេដោះលែងឡានឈើនោះ ប៉ុន្តែគេរក្សាទុកមិនឲ្យទេ ។ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី បានជិះរឺម៉កកង់មកកាន់កន្លែងរដ្ឋបាលព្រៃឈើ ក្នុងឃុំរកាខ្ពស់ស្រុកស្អាង ដោយមានកូន និងចៅទាំង៧នាក់មកជាមួយផងដែរ ដើម្បីការមេត្តាពីមេព្រៃ ព្រោះអ្នកស្រី ជំពាក់ឈើគេគ្មានអ្វីសងនោះទេ។ ម្យ៉ាងទៀត រថយន្តដែលគាត់ជួលមកនោះ គ្មានលុយឲ្យគេថែមទាំងចាប់ទៀតជាបន្ទុកដ៏ធ្ងន់ធ្ងរ និងដល់កំណត់ត្រូវទៅវះជើងដកដែកចាស់ ដាក់ដែកថ្មីចូលផងដែរ បើមិនដូច្នេះបងស្រីអាចប្រឈមនិងគ្រោះថ្នាក់ដែលកើតចេញពីជើង ប៉ុន្តែមិនមានលទ្ធផលអ្វីទាំងអស់៕