(ភ្នំពេញ)៖ ដើម្បីឈានទៅដណ្តើមយកជ័យជំនះនៅថ្ងៃបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុននេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ា សុជាតិវង្ស ជាសមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សជិត១០០០នាក់ ចំណុះឲ្យគណបក្សប្រជាជនកម្ពុជាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ក្នុងពិធីនេះដែរ ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់សមាជិកសមាជិការ គណបក្សដូច្នេះថា សម្រាប់អាណត្តិថ្មីនេះគណបក្សប្រជាជនកម្ពុជាមានលេខរៀង ទី២០ ងាយស្រួលចាំ ងាយស្រួលគូស គឺលេខរៀងនៅខាងក្រោមគេបង្អស់ ខាងស្តាំដៃ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។ ប៉ុន្មានអាណត្តិកន្លងទៅនេះ មានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស បោះឆ្នោតឈ្នះគ្រប់អាណត្តិ ដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាគណបក្សការពាររបបជារានិយមបានរឹងមាំបំផុត ការពារសន្តិភាព ស្ថេរភាពនយោបាយ មិនឲ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសបានជាដាច់ខាត។

ជាមួយគ្នានេះដែរ លោក ប៉ា សុជាតិវង្ស បានសង្កត់ធ្ងន់ថា ក្រោយថ្ងៃជ័យជំនះ៧មករា មានតែគណបក្សប្រជាជនទេ ដែលដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតទទួលបានសន្តិភាពទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងទទួលបានការគាំទ្រពីអន្តរជាតិ។ សមិទ្ធិផលជាច្រើនដែលកើតក្រោយថ្ងៃ ជ័យជំនះ៧មករា ត្រូវបានថែរក្សាទុក និងបន្តអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗ ជាច្រើនទៀតរួមមានផ្លូវស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ផ្លូវក្រោមដីអាគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិផ្សារទំនើប និងសមិទ្ធិផលថ្មីៗជាច្រើនទៀតនិងបន្តកើតមានឡើងនៅទូទាំងប្រទេស។ មានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានរឹងមាំ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក អ៊ាង ស៊ីផាន ប្រធានបក្សខណ្ឌច្បារអំពៅ បានរាយការណ៍ពីរចនាសម្ព័ន្ឋសង្កាត់ក្បាលកោះ ក្នុងនោះ គណៈកម្មាធិការបក្សមានសមាជិក២៧នាក់ សមាជិកអចិន្ត្រៃយ៍ ៦នាក់, គណៈសាខាបក្សភូមិ ចំនួន៨, អនុសាខាបក្ស ចំនួន ៤២ និងក្រុមបក្ស ចំនួន ៧៦៩បក្ស។ ប្រជាជនចុះឈ្មោះផ្លូវការ ឆ្នាំ២០១៧ ចំនួន១០.៣៨១នាក់ ស្មើ ៨៣,១៨ភាគរយ លើចំនួនសរុប ១២.៤៨០នាក់ ។ ក្នុងនោះសមាជិកបក្សចុះឈ្មោះ មានចំនួន ៧៧៧៥នាក់ ស្រី ៤២៥៥នាក់ គិតជាភាគរយ ចំនួន ៧៤,៨៩ភាគរយ៕