(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងភរិយាលោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ នឹងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ចំពោះគណនី Acount Facebook ឈុត សារ៉ាត់ ដែលបានលួចយករូបភាពរបស់លោកទាំងពីរទៅកាត់ត បង្កើត Facebook ក្លែងក្លាយវាយប្រហារទៅលើថ្នាក់ដឹកនាំកំពូល ដែលតែងតែបង្ហោះសារស្ដីពីសកម្មភាពផ្សេងៗលើទំព័រ Facebook ផ្លូវការរបស់លោកមានគណនី ជា ពិសី (Oudam Vireakpot) និងគណនី ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ រួមជាមួយគណនី Facebook Ann Phalla។

ជាមួយគ្នានេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សូមជម្រាបជូនដំណឹងរាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមរយៈ Acount Facebook ឈុត សារ៉ាត់ ខាងលើ លោក និងលោកស្រី ពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះសូមអស់លោក លោកស្រី មេត្តាជ្រាប ជាព័ត៌មាន សូមអរគុណ»។

អភិបាលខណ្ឌ និងភរិយា ក៏បានអំពាវនាវឲ្យមិត្តភក្តិក្នុង Facebook ជួយសហការទប់ស្កាត់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានមិនពិតទាំងឡាយណា ដែលចេញដោយគណនី Facebook ឈុត សារ៉ាត់ ក្លែងក្លាយនោះ។

លើសពីនេះទៅទៀត អភិបាលខណ្ឌឬស្សីកែវ និងភរិយា ក៏បានព្រមានដល់ជនដែលខិលខូចលួចយករូបភាពរបស់លោកស្រី ទៅកាត់តបង្កើតគណនី Facebook ក្លែងក្លាយទៅវាយប្រហារលើថ្នាក់ដឹកនាំ ត្រូវបញ្ឈប់សកម្មភាព នៃអំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ លោកនឹងដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយចាត់វិធានការតាមច្បាប់ បើ Acount Facebook ឈុត សារ៉ាត់ នៅតែបន្តកាត់តរូបភាព Post វាយប្រហារថ្នាក់ដឹកនាំយ៉ាងដូច្នេះ។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែល Facebook ផ្លូវការរបស់លោកស្រី អាន ផល្លា ជា ពិសី ត្រូវជនខិលខូចលួចយករូបភាពទៅកាត់ត បង្ហោះជាសារវាយប្រហារមកលើលោកស្រី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌឬស្សីកែវរូបនេះ ក៍ដូចជា Facebook ផ្លូវការមួយចំនួនផ្សេងទៀត របស់ថ្នាក់ដឹកនាំសំខាន់ៗ ក៏ត្រូវបានជនអនាមិកលួចយក (Hack) ទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អផងដែរ ហើយអស់លោក លោកស្រីជាម្ចាស់គណនី ក៏បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ ចំពោះការប្រើប្រាស់របស់ Facebook នោះក្នុងអំពើទុច្ចរិត៕