(កំពង់ស្ពឺ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបើក​សិក្ខាសាលា ​ស្តីពី​ «បរិស្ថានគ្មានផ្សែងបារី​ក្នុងវិស័យទេសចរណ៍» «Smoke-Free Environment in Tourism Sector»​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ​ សុពុត្រា​ អភិបាលងខេត្តកំពង់ស្ពឺ ​តំណាងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

នៅក្នុងសិក្ខាសាលានេះ លោក ហោ សារុន បានថ្លែងថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បី​ជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផល​ថ្នាំជក់ និង​លិខិ​ត​​បទដ្ឋានគតិយុត្តិនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋាន​អាជីវ​កម្ម សេវាកម្ម​ទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាព​របស់​ប្រជាជន ការពារ ​និង​ទប់​​ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានីភ័យសុខភាពដល់​អ្នកនៅ​ជុំវិញនិងបរិស្ថាន និង​កាត់​បន្ថយការប្រើប្រាស់​ផលិតផលថ្នាំជក់។

លោកបន្តថា ក្នុងបរិបទដ៏ទូលំទូលាយ នៃទេសចរណ៍ពិភពលោក វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ​ក្នុង​ការ​​ជំរុញ​កំណើនសេដ្ឋកិច្ចពិភពលោក និងអភិរក្សបរិស្ថាន​ប្រកប​ដោយចីរភាព។ យោងតាមរបាយការណ៍​អង្គ​ការ​​ទេសចរណ៍​​ពិភពលោកឆ្នាំ២០១៧កន្លងទៅនេះ ពិភព​លោ​ក​ទទួលបានទេសចរអន្តរជាតិចំនួន១.៣២២​​លាន​នាក់ ក្នុងកំណើន៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦ (១.២៣៥លាននាក់)។ តាមការព្យាករ​ណ៍​​របស់​អង្គការ​ទេសចរណ៍ពិភពលោក នៅឆ្នាំ២០៣០​ ទេសចរ​​ពិភពលោកនឹងកើន​ដល់ចំនួន១.៨០០លាន​នា​ក់ ដែលគិតជា​មធ្យម​ក្នុងមួយថ្ងៃមានភ្ញៀវទេសចរ​ធ្វើ​ដំណើរឆ្លងកាត់ព្រំដែនប្រមាណ៥លាននាក់។ សម្រាប់​សហគមន៍​សេដ្ឋ​​កិច្ច​អាស៊ាន វិស័យទេសចរណ៍​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ​ នៅ​ឆ្នាំ​២០១៧កន្លង​ទៅ​ ការ​មក​​ដល់​នៃ​ទេសចរ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​ចំនួន​១២៥លាន​នាក់​ កើន​ឡើង​៨,៤% ដែលក្នុងនោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​ (Intra-ASEAN Travelers) មាន៤២% នៃទេសចរអន្តរជាតិសរុប។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្ថែមថា «ទន្ទឹមនឹងការកើនឡើងនៃទេសចរអន្តរជាតិ យើងសង្កេតឃើញថា នៅទសវត្សចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងនោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាង​សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត​​របស់សម្តេ​ចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាកំពុង​តែ​មាន​ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ដោយសារការធានាបាននូវកត្តាសន្តិសុខ និងសុវត្ថិភាព ដែល​ជា​មូលដ្ឋានគ្រឹះជំរុញវឌ្ឍនភាពសង្គម សេដ្ឋកិច្ចបៃតង អភិរក្សបរិស្ថាន និងកំណើនទេសចរណ៍ស្របតាម​និន្នាការ​ទេសចរណ៍តំបន់ និងពិភពលោក»

លោកបន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅ ​កម្ពុជា​​ទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិចំនួន៥.៦លាននាក់​ កើន​១១,៨%​ ធៀបនឹងឆ្នាំ២០១៦ ​នាំ​ចំណូល​ជូន​ជាតិ​ប្រមាណ៣.៦៦៨លាន​ដុល្លារអាមេរិកចាក់បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។​ រយៈ​ពេល​៤ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជា​​បាន​ទទួល​ទេសចរ​អន្តរជាតិចំនួន​២.១៧៤.៦៧៦នាក់ កើនឡើង​១៣,៥% ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ២០១៧ ហើយជា​ចក្ខុ​វិស័យនៅ​ឆ្នាំ​២០២០ កម្ពុជា​​រំពឹង​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧លាននាក់ ដែលនឹង​បង្កើតចំណូល​ជូន​ជាតិ​ប្រមាណ៥ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​​​ការងារ​​ផ្ទា​ល់ប្រមាណជិត​១លាននាក់។

លោក ហោ សារុន បានបញ្ជាក់ទៀតថា «ដើម្បីចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្រចតុកោណដំណាក់​កាល​ទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ដល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី «Smoke-Free Environment» ជាបរិបទមួយដែលពិភពលោក ក៏ដូចជា តំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ​ទូទាំង​ពិភព​លោក។ កម្ពុជាក៏ជាប្រទេសមួយដែលទទួលរងគ្រោះ ដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នក​គាំទ្រ និងប្តេជ្ញា អនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ របស់អង្គការ​សុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតតផលថ្នាំជក់។ ប្រទេសកម្ពុជា​បាន​​ផ្តល់សច្ចាប័ន​ចូលជា​សមាជិក​អនុសញ្ញាស្តីពីការត្រួតពិនិត្យ​ផលិតផលថ្នាំជក់ កាលពីថ្ងៃទី១​៥​ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការ​គាំទ្រ និង​ប្តេជ្ញា​​អនុវត្តតាមគោលការណ៍​ណែនាំ​​ដែលមាន​ចែង​​ក្នុងអនុសញ្ញារបស់​អង្គការ​សុខភាព​ពិភ​ព​លោក ដើម្បីកាត់​បន្ថយ​​​ការប្រើប្រាស់ថ្នាំជក់ និង​រួម​​ចំណែក​ផល​ប៉ះពាល់លើសុខភាព បរិស្ថាន និង​សេដ្ឋកិច្ច​»

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានបន្ថែមទៀតថា «ក្នុងនាមក្រសួងទេសចរណ៍ សូមប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និង​អាជ្ញា​ធរ​​​​​ពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត យុវជន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បី ជំរុញ​អនុវត្ត​ច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារី​បាន​ដោ​យ​​ជោគជ័យ។ ខ្ញុំសូម​អំពាវ​នាវ​ដល់​ថ្នាក់​ដឹកនាំខេត្ត ស្រុក​/ក្រុង ឃុំ/សង្កាត់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ ផ្នែកឯកជន​នៃ​វិស័យទេសចរណ៍ អង្គការជាតិ និង​អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និង​អន្តរជាតិ​ចូលរួម​អនុវត្ត​សេចក្តី​ណែនាំស្តីពីបរិស្ថានគ្មាន​ផ្សែងបារី​ដល់​ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទូទាំ​ង​ព្រះរាជាណាចក្រ​កម្ពុជា​​នេះ​ឲ្យបានជោគជ័យ និងកាន់តែ​មាន​ប្រសិទ្ធភាព»

ជាថ្មីម្តងទៀត ក្នុងនាមក្រសួងទេសចរណ៍ លោក ហោ សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានគាំទ្រ និងអនុញ្ញាតឲ្យលោក សុខ ភា អភិ​បាល​​​រងខេត្ត ចូលរួមប្រជុំជាមួយក្រុមការងារ ព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ក្នុងការ​អនុវត្តសេចក្តី​ណែនាំ​ ស្តីពីបរិស្ថាន​​គ្មាន​​ផ្សែងបារី​ដល់អ្នក​គ្រប់គ្រង ឬម្ចាស់មូលដ្ឋាន​អាជីវ​កម្ម សេវា​កម្ម​​​ទេសចរ​​ណ៍​​ទូទាំង​​ព្រះរាជាណាចក្រកម្ពុជា និងអនុញ្ញាតឲ្យធ្វើការដាក់តាំងផ្ទាំងប៉ាណូអប់រំជាសាធារណៈក្នុងខេត្ត៕