(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់បទបញ្ជាឲ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត ចាត់វិធានការធ្វើឲ្យស្ថានការណ៍ជាទូទៅមានលក្ខណៈល្អប្រសើរ នៅតាមបណ្តារាជធានី-ខេត្ត មានន័យថា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល មានភាពល្អប្រសើរជាទូទៅ ដើម្បីធានាដល់ការបោះឆ្នោត ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះគ្រាដែល នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំ​ស្តីពីការត្រៀម​លក្ខណៈ​សម្បត្តិ​សម្រាប់​កងកម្លាំង​អន្តរាគមន៍​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ នា​ពេល​បោះឆ្នោត​ខាងមុខ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នា​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ដើម្បីធ្វើកិច្ចនេះយើងក៏មានកិច្ចការងារច្រើន ដែលត្រូវធ្វើ ប៉ុន្តែជាទូទៅនៅគ្រប់ប្រទេសគេច្រើនប្រើកម្លាំងចំហ បង្ហាញរូបភាពឲ្យឃើញភាពសកម្មរបស់នគរបាល រៀបចំការល្បាត រៀបចំការពួនស្ទាក់ រៀបចំការបង្ហាញខ្លួននៅតាមទីសាធារណៈសំខាន់ៗ រៀបចំកម្លាំងត្រៀមអន្តរាគមន៍ ហើយដើម្បីធ្វើកិច្ចការនេះ បានត្រូវផ្គុំគ្នាតាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាលឡើងទៅ ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បង្ហាញខ្លួនល្បាតចុះតាមខ្នងផ្ទះ ។

បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ធម្មតាក្នុងដំណាក់កាលឃោសនាបោះឆ្នោត គឺជាដំណាក់កាលដែលមានការប្រឈមខ្លាំងជាងគេ អីចឹងសូមយកចិត្តទុកដាក់ចាប់ពីពេលបោះឆ្នោតទៅ ជាពិសេសគ្រប់បទល្មើសព្រហ្មទណ្ឌ ដែលទាក់ទងនឹងអំពើហិង្សា ទាក់ទងនឹងអំពើឃាតកម្ម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឲ្យឃើញមុខសញ្ញាឲ្យមានហេតុផល ឲ្យមានឯកសារ ដោយពេលខ្លះអ្នកនយោបាយ គេអាចឆ្លៀតយកបញ្ហាព្រហ្មទណ្ឌមកបង្វែរជារឿងនយោបាយចោទប្រកាន់លើការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬក៏ចោទប្រកាន់ឈានទៅដល់ចោទប្រកាន់ ដំណើរលទ្ធផលការបោះឆ្នោត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ថា ជាគោលការណ៍យើងមានកម្លាំង៣ ទី១៖កម្លាំងប្រចាំបញ្ជា , ទី២៖កម្លាំងប្រចាំការ និងទី៣៖កម្លាំងអន្តរាគន៍ ទាំង៣នេះជាកម្លាំងអន្តរាគមន៍ទី១ រីឯកម្លាំងអន្តរាគមន៍ទី២នោះ គឺកម្លាំងការិយាល័យជំនាញជាទូទៅ ប៉ុន្តែចងក្រងទៅជាកងជួរ ដើម្បីប្រមូលផ្តុំនៅពេលមានការចាំបាច់៕