(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរអន្តរជាតិ ដែលពិធីនោះរៀបចំឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីមន្ត្រីនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍ ស្នងការរង ប្រធានការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាន រាជធានីខេត្តទាំង២៥។

សូមជម្រាបថា គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ ដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការពិនិត្យឲ្យបានត្រឹមត្រូវលើបណ្ណបើកបរអន្តរជាតិ ព្រមទាំងស្វែងយល់បន្ថែមពីលិខិតបទដ្ឋានពាក់ព័ន្ធ ដូចជាអនុសញ្ញាអន្តរជាតិ ស្តីពីបណ្ណបើកបរអន្តរជាតិ និងកិច្ចព្រមព្រៀងទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកទ្វេភាគី ឬពហុភាគីជាមួយកម្ពុជា៕