(អូស្ត្រាលី)៖ ខណៈដែល ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ដ្រ អាណត្ដទី៦ នឹងឈានចូលមកដល់ឆាប់ៗនេះ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកម្ពុជា ប្រើសិទ្ធិរបស់ខ្លួនទៅចូលរួមបោះឆ្នោត នាថ្ងៃបោះឆ្នោត២៩ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសឱ្យស្របទៅតាមច្បាប់។

ដោយអំពាវនាវដូចគ្នានឹងប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីដទៃទៀតដែរនោះ លោក សំអាត បានលើកឡើងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងមានការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ដ្រ អាណត្ដទី៦ ដូច្នេះសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញចូលរួមក្នុងការបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំ។

លោក សំអាត បានបញ្ជាក់ថា «ការបោះឆ្នោត បើយើងមិនទៅបោះឆ្នោតទេ មិនមែនជាលក្ខណៈ ជាប្រជាធិបតេយ្យទេ ព្រោះថាមានគណបក្ស២០ បានចូលរួមក្នុងការបោះឆ្នោត ហើយគណបក្សទាំងអស់ មានគោលការណ៍រៀងៗខ្លួន ចឹងបើបងប្អូនកំពុងសប្បាយរីករាយ នៅក្នុងគណបក្សណា សូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោត ទៅឲ្យគណបក្សនោះ»

លោកថា ការដែលមិនចូលរួមបោះឆ្នោត មិនមែនជាលក្ខណៈលទ្ធិប្រជាធិបតេយ្យទេ នៅប្រទេសអូស្ដ្រាលី បើសិនជាបងប្អូន មិនចូលរួម បងប្អូននឹងទទួលបានការផាក់ពិន័យ នៅក្នុងការបោះឆ្នោតនោះ តែនៅក្នុងប្រទេសកម្ពុជា មិនមានច្បាប់ដូច្នេះទេ។

លោក សំអាត បន្ដថា «ហេតុអ្វីបានជាប្រទេសអូស្ដ្រាលី ឲ្យមានការបោះឆ្នោត ហើយប្រសិនជាមិនទៅបោះឆ្នោតគេផាក់ព្រោះថា គេរត់ជាលក្ខណៈប្រជាធិបតេយ្យ ចឹងខ្ញុំសូមនិយាយផងដែរថា ឲ្យបងប្អូនចូលរួមទាំងអស់គ្នា បើសិនជាបងប្អូនមិនចូលរួមទេ បងប្អូនបានលុបបំបាត់លទ្ធិប្រជាធិបតេយ្យ ហើយបងប្អូនកំពុងតែសប្បាយរីករាយ នៅក្នុងសង្គមមួយដែលមានលក្ខណៈប្រជាធិបតេយ្យ ដូច្នេះដាច់ខាតបងប្អូនត្រូវតែចូលរួម។

ខាងក្រោមនេះ ជាវីដេអូរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី អំពាវនាវឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត៖