(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានការប្រែប្រួលដោយមានការចូលរួមប្រកួត ប្រជែងពីគណបក្សចំនួន ២០ និងគ្មានវត្តមានខ្មោច បក្សសង្គ្រោះជាតិ អង្គការអន្តរជាតិ និងជនបរទេសមួយចំនួន ដែលជាក្រុមបក្ខពួកតែមួយរបស់ក្រុមអ្នកនយោបាយប្រឆាំង រត់ចោលស្រុកខិតខំបំផ្លាញការបោះឆ្នោត និងសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើសង្គ្រាមចិត្តសាស្ត្របំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

ពួកគេបានព្យាយាមបំបែកកម្លាំងសាមគ្គីជាតិ និងអ្នកការពារបូរណភាពជាតិ និងការពារជាតិ និងប្រជាជនកម្ពុជាដោយ​បានបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីនគរបាល ជាតិជាន់ខ្ពស់កម្ពុជា តាមរយៈការប្រឌិតបញ្ជីឈ្មោះចោទពួកគាត់ ដោយគ្មានភស្តុតាងថា ជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅវិញ។ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ?ពិតជាគួរឱ្យចង់សើច​និងហួសចិត្តចំពោះក្រុម​ជនបរទេស មួយចំនួនដែលមិនដែលមកដល់កម្ពុជាសោះ ប៉ុន្តែបែរជាអង្គុយសរសេររបាយការណ៍ពីសិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកទាំងនេះហើយដែលរំលោភសិទ្ធិលើជាតិ និងប្រជាជនកម្ពុជាដោយជឿលើ ក្រុមអ្នកនយោបាយប្រឆាំងក្រៅ​ច្បាប់ ជនក្បត់ជាតិ និងជនបរទេសមួយចំនួនដែលលាបពណ៌អាក្រក់មកលើប្រទេសកម្ពុជាដោយបំភ្លេចចោល កិច្ចខិតខំប្រឹងប្រែងកសាង​ប្រទេស ការសាងសន្តិភាព និងការអភិវឌ្ឍ។

កម្ពុជាត្រូវបានប្រទេសនានា រួមនឹងអង្គការជាតិ និងអន្តរជាតិ  ព្រមទាំងមន្ត្រីអង្គការសហប្រជាជាតិ កោតសរសើរពីកិច្ចខិតខំប្រឹងប្រែង​នៅក្នុងការកសាងប្រទេសជាតិឡើងវិញ សម្រេចបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ និងអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍ​សហវត្សរ៍របស់អង្គការសហប្រជាជាតិ។ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យត្រូវបានគេវាយតម្លៃថាកម្ពុជាធ្វើបានល្អ និងជាសិស្សល្អក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមួយចំនួន។ សូម្បីតែជនបរទេសដែលមកដល់កម្ពុជា ក៏បានផ្តល់នូវការកោតសរសើរពីសន្ទុះនៃការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៃសំណង់អគារ ទំហំពាណិជ្ជកម្ម ជីវភាពរស់នៅ និងស្ថានភាពសង្គមមានភាព ប្រសើរឡើងរបស់ប្រទេសខ្មែរដែលរងគ្រោះក្នុងសង្គ្រាមស៊ីវិល ការបំផ្លិចបំផ្លាញជាង ៣០ ឆ្នាំ ហើយពេល នេះបានងើបឈរប្រកបដោយមោទនភាព និងសេចក្តីថ្លៃថ្នូរក្នុងសុខសន្តិភាពទើបតែរយៈពេល ២០ ឆ្នាំតែប៉ុណ្ណោះផងដែរ។ ពួកគេពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងនេះ ហើយសម្តែងការអាណិតអាសូរចំពោះកម្ពុជា ដែលតែងតែត្រូវរងគ្រោះជានិច្ចពីជនបរទេស និងប្រទេសមួយចំនួន ដែលធ្វើទុកបុកម្នេញកម្ពុជា និងមិនសប្បាយចិត្ត និងមួល បង្កាច់លាបពណ៌កម្ពុជាសព្វបែបយ៉ាង ពេលដែលឃើញកម្ពុជាអាចប្រឹងងើបរស់ដោយខ្លួនឯងបាន ក្រោយពីការវាយរំដោះប្រទេសចេញ​ពីក្រញ៉ាំដៃនៃរបបខ្មែរក្រហម និងក្រោមគំនាបនយោបាយ និងទណ្ឌកម្ម សេដ្ឋកិច្ចដ៏អយុត្តធម៌មកលើកម្ពុជា ក្រោយពីរបបខ្មែរក្រហម។

ប៉ុន្តែបច្ចុប្បន្ននេះ សូម្បីតែប្រទេសមួយចំនួនដែលដាក់ទណ្ឌលើកម្ពុជាកាលពីអតីតកាល និងអង្គការអន្តរជាតិខ្លះដែលធ្លាប់តែដាក់​ទណ្ឌកម្មលើកម្ពុជា ក៏បានងាកមកគាំទ្របុព្វហេតុរបស់កម្ពុជា និងប្រជាជនខ្មែរ ក្នុងការកសាងសន្តិភាពនិងអភិវឌ្ឍប្រទេស។ បរទេសមួយចំនួននៅក្រៅប្រទេសក៏ដូចគ្នា ពេលដែលនិយាយ ពីកម្ពុជា ពួកគេពិតជាបានលើកសរសើរកម្ពុជា ដែលមានសន្ទុះសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសដែលអភិវឌ្ឍយ៉ាងលឿននៅក្នុងរយៈពេលចុងក្រោយនេះ។ ចម្លែកតែជនបរទេស និងជនជាតិខ្មែរមួយចំនួនតូចដែលលក់ ខ្លួនឱ្យបរទេសបានបន្តបន្ទោសបង្អាប់ប្រទេសកម្ពុជា និងប្រជាជនខ្មែរថាដឹកនាំមិនកើត និងមិនចេះនិងមិនយល់ដូចខ្លួនដែលមួយថ្ងៃៗដើរតែឱនក្បាល លត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញខ្មែរ មួលបង្កាច់ស្ថានភាពពិតពី ប្រទេសកម្ពុជា និងតាំងខ្លួនជាតួឯកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមចៅហ្វាយនាយរបស់ពួកគេ។ ពួកគេចង់ឱ្យកម្ពុជាដែលទើបនឹងមានសន្តិភាព និងមានលទ្ធភាពអភិវឌ្ឍប្រទេសពេញលេញត្រឹម ២០ ឆ្នាំធ្វើ ឱ្យដូចប្រទេសរបស់ពួកគេដែលឆ្លងកាត់ដំណាក់កាលកសាងលទ្ធិប្រជាធិបតេយ្យជាង ១០០ ឆ្នាំ និងខ្លះទៀតជាង ២០០ ឆ្នាំទៅហើយនោះ មានការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ល្អឥតខ្ចោះមួយ។  

លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ ដែលសូម្បីដែលប្រទេសអ្នកដែលទាមទារឱ្យកម្ពុជាអនុវត្តឱ្យបាននោះ ក៏មិនទាន់អាចធ្វើបាន និង មិនមានលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនៅក្នុងប្រទេសរបស់ខ្លួនផង៕