(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានសុំធ្វើការអភ័យទោស និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ចំពោះមន្ត្រីមួយចំនួនតូច ដែលបម្រើសេវាសាធារណៈជូនមិនបានល្អ។ ជាមួយគ្នានេះ លោកបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួន ជូនដល់ប្រជាពលរដ្ឋ ឲ្យជួយផ្តល់ព័ត៌មានមកលោកផ្ទាល់ ឬតាមរយៈ Facebook អំពីសកម្មភាពមន្ត្រីអសកម្មមួយចំនួនតូច។

ការសុំការអភ័យទោស និងផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់អភិបាលខេត្តរូបនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកសុខ លូ បានជំរុញឲ្យសមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។

លោកសុខ លូ ក៏បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់ នៅឃុំផាត់សណ្តាយ ក៏ដូចជាទូទាំងខេត្ត ដែលបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោក បន្តទៀតថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕