(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ការបំបែឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកនេះ កាន់តែបង្ហាញថា កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈប្រាកដមែន ក្រៅពីវត្ថុអច្ឆរិយៈដទៃទៀតដែលកម្ពុជាមាន ដូចជាប្រាសាទអង្គរ បឹងទន្លេសាប សត្វផ្សោត ព្រៃកោងកាង ពិសេសភាពរួសរាយរាក់ទាក់ពីធម្មជាតិរបស់ពលរដ្ឋខ្មែរ។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាសលោករដ្ឋមន្ត្រី ថោង ខុន ដឹកនាំមន្ត្រីរាជការនៃក្រសួងទេសចរណ៍ចូលរួមត្បាញក្រមា នៅក្នុងវាលព្រះមេរុ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា យុវជនកម្ពុជាក្នុងជំនាន់សម្ដេចតេជោ ហ៊ុន សែន ដែលប្រកបដោយសុខសន្តិភាពនេះ បានបង្កើតនូវភាពអច្ឆរិយៈជាច្រើន ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ការធ្វើអន្សមយក្ស ការបង្កើតសម្ភារៈ ឬឧបករណ៍ប្រើប្រាស់មួយចំនួនដែលមានខ្នាតធំ ឬវែងជាងគេលើពិភពលោក ពិសេសការបំបែកឯតទគ្គកម្មត្បាញក្រមាវែងជាងគេលើពិភពលោក និងទូកងវែងជាងគេលើភពលោកផងដែរ។

លោកថា ការបំបែឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកនេះ ជាការរួមចំណែកមួយធំណាស់ដល់ការបង្កើតរបស់អច្ឆរិយៈ ដែលនឹងចូលរួមផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក ក្នុងកិត្តិនាមដ៏ខ្ពង់ខ្ពស់ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»។

សូមជម្រាបថា ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍នេះ បង្កើតដោយយុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA» មកទល់នឹងព្រឹកថ្ងៃទី០៩ ខែមិថុនា ក្រមាដែលមានក្រឡាក្រហមលាយសដ៏ស្រស់ស្អាត ត្រូវបានត្បាញបានប្រវែង ១​,០១១.៧៨​ម៉ែត្រ។

ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមាដោយសេរី ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួមត្បាញរាប់ម៉ឺននាក់ផងដែរ។

ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា។

ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕