(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រឹងប្រែងបញ្ជ្រាបការយល់ដឹង ពីជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងគម្រោងកសាងភាពធន់ក្នុងសហគមន៍ ក្រោមជំនួយកាកបាទក្រហមហ្វាំងឡង់ បានធ្វើយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទកម្ពុជាខេត្ត ហើយក៏មានអ្នកចូលរួមប្រមាណ៥០០នាក់ ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍អំពីវិធានការបង្ការជំងឺគ្រុនឈាម និងទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺគ្រុនឈាម ព្រមទាំងបញ្ជ្រាបឲ្យយល់ពីដឹងពីសុវត្ថិភាពចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះនានា នៅពេលធ្វើដំណើរលើដងផ្លូវផងដែរ។

លោក ហ៊ី សុវណ្ណ នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានណែនាំបច្ចេកទេសនៃការការពារ និងបង្ការជំងឺគ្រុនឈាម ដោយលើកឡើងថា ដើម្បីបង្ការកុំឲ្យផ្ទុះមានឡើងជំងឺគ្រុនឈាម ត្រូវតែលុបបំបាត់ទឹកដក់ ដែលជាជំរកដង្កូវទឹកទាំងក្នុង និងក្រៅផ្ទះ និងតាមទីសាធារណៈនានា, ការពារកូនកុំអោយមូលខាំដោយពាក់ខោអាវ និងគេងក្នុងមុងទាំងយប់និងថ្ងៃ។

លោកបន្ថែមថា បើមានរោគសញ្ញាសង្ស័យថាជំងឺគ្រុនឈាមមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ មានកន្ទួលក្រហមលើស្បែក ឬមានហូរឈាមនោះ សូមប្រញាប់បញ្ជូនកូន រឺអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់ ឲ្យបានទាន់ពេលវេលា ដើម្បីជៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះ លោកលី ឡេង បានឲ្យដឹងថា គ្រុនឈាមជាជំងឺកាចសាហាវ អាចបណ្តាលឲ្យប្រជាពលរដ្ឋ ពិសេសកុមារឈឺ និងស្លាប់បាត់បង់ជីវិតជាច្រើនៗក្នុង១ឆ្នាំៗ។ ហើយគ្រុនឈាម ឆ្លងឡើងដោយសារមូលខ្លាខាំ ជាពិសេសនៅពេលថ្ងៃ ដែលប្រភពនៃមូលខ្លាំនេះ គឺចេញមកពីដង្កូវទឹក ដែលមាននៅតាមទឹកដក់នៅជុំវិញផ្ទះ។

ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង ក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមចំណែក អនុវត្ដន៍វិធានការ ដើម្បីការពារពីជំងឺគ្រុនឈាម កុំឲ្យមានការផ្ទុះឡើង និងរាតត្បាតនៅឆ្នាំ២០១៨នេះ ត្រូវប្រកាន់ខ្ជាប់នូវការផឹកស្អាត ហូបស្អាត និងរស់នៅស្អារ ដើម្បីទទួលសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ។

ក្នុងឱកាសនោះ លោកក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕