(ព្រះវិហារ)៖ បុរស២នាក់បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅតាមដងផ្លូវ បណ្តាលមកពីរថយន្តដឹកឈើមកបុកទាំងកំរោល ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរផ្អាវ ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ តៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកនេះថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកឈើបើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាក់ផ្លូវស្លាប់ទាំង២នាក់ យ៉ាងអណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្តដឹកឈើ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ធំ ទាំងយប់។

លោកអធិការស្រុក បានបន្តទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថាម សុវណ្ណធូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ និងឈ្មោះ ចាន់ ហុកសេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកបន្តថា ក្រោយការពិនិត្យវាស់វែងរួច សាកសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែកវត្ថុតាងត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមច្បាប់។ លោកធ្វើការសន្និដ្ឋានថាករណីនេះ អាចបណ្តាលមកពីរអ្នកបើកបររថយន្តងងុយដេក។

ប្រជាពលរដ្ឋ បាននិយាយឲ្យដឹងថា រៀងរាល់ថ្ងៃ សកម្មភាពដឹកឈើបែបអនាធិបតេយ្យតាមដងផ្លូវ តាមរថយន្តសាំយ៉ុង និងតាមរ៉ឺម៉កប្រភេទយីឌុបកែថ្នៃ បានកើតឡើងព្រោងព្រាតចេញពីស្រុកជ័យសែន ឆ្លងកាត់ស្រុករវៀង ហួសមកលក់ចែកចាយ តាមដេប៉ូរនានាក្នុងខេត្តកំពង់ធំ ដោយមិនមានសមត្ថកិច្ចធ្វើការបង្រ្កាបនោះទេ។ ដូចករណីនេះជាដើម បើរថយន្តដឹកឈើមិនបុកម៉ូតូបណ្តាលឲ្យមនុស្ស ស្លាប់២នាក់ទេ ក៏គេមិនដឹងថា មានរថយន្តដឹកឈើដែរ បើនិយាយពីសមត្ថកិច្ចនៅតាមដងផ្លូវវិញគឺមានព្រោងព្រាតពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តង៕