(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំរៀបចំ ​សិក្ខាសាលា «ស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ ក្រសួងធម្មការ និងសាសនា និងអង្គភាពក្រោមឱវាទ»។ អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំដោយ​កិច្ចសហការរវាង ក្រសួងធម្មការ និងសាសនា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា ​សិក្ខាសាលា​នេះឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ បុគ្គលិកទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត នៃក្រសួងធម្មការ និងសាសនា អំពីការកំណត់នូវវិធាន និងនីតិវិធីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្តិ។

​បើតាមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែន ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រសួងធម្មការ និងសាសនា ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិរដ្ឋ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង, ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ។

ក្នុងន័យនេះ ការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការលើកិច្ចការនេះ នឹងធ្វើឲ្យក្រសួងធម្មការ និងសាសនា មានធនធានមនុស្សប្រកប ដោយសមត្ថភាព ព្រោះថា​មន្រ្តីរាជការ គឺជាអ្នកកាន់កាប់ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌរបស់ក្រសួង ដែលត្រូវធានាឲ្យខាងតែបានលើការងារចាំបាច់ និងចំពោះមុខដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម។​

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី បានណែនាំ​គ្រប់អង្គភាពទាំងអស់ មានកាតព្វកិច្ចកាន់កាប់ ហើយត្រូវគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយធ្វើការរៀបចំ និងកត់ត្រា, ការបូកសរុប និងរាយការណ៍ និងការជម្រះបញ្ជី ឲ្យអនុលោមទៅតាមស្តង់ដារលិខិតបទដ្ឋានគតិយុត្ត ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ដាក់ប្រើប្រាស់៕