(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់អតីតមន្ត្រីរាជការចូលនិវត្តន៍ និងអតីតយុទ្ធជននៅទូទាំងក្រុងពោធិ៍សាត់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីរង់ចាំមើលការអភិវឌ្ឍរីកចម្រើនរបស់ខេត្តពោធិ៍សាត់។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនក្នុងក្រុងពោធិ៍សាត់ចំនួន ១,៦២០នាក់ នៅបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថា នៅទូទាំងខេត្ត មុខសញ្ញានិវត្តជនទទួលរបបពីរដ្ឋមានចំនួន ១,៥០២នាក់ និងអតីតយុទ្ធជនមានចំនួន ៤,៥២១នាក់ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ និវត្តជនទទួលមរណភាព ១៩នាក់ និងអតីតយុទ្ធជន ៤៤នាក់។ ជាទូទៅរៀមច្បងជាអតីតមន្ត្រីរាជការរស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំនឹងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀវត្តន៍ តាមរយៈបច្ចេកវិទ្យា ATM ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ម៉ៅ ធនិន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកប្រធានក្រុមការងារចុះជួយខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត ជាពិសេសលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ដែលលោកជាយុវជនឆ្នើមប្រសូត្រចេញពីទឹកដីខេត្តពោធិ៍សាត់។

លោកបានឲ្យដឹងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បងជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនទាំង ១,៦២០នាក់ ក្នុងក្រុងពោធិ៍សាត់ បានជួបជុំពិភាក្សាសួរសុខទុក្ខ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរឹតចំណងសាមគ្គីភាព និងមិត្តភាព។ ការជួបជុំគ្នានេះ គឺជាការរំលឹកដឹងគុណអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាលនៃការរួបរួមសាមគ្គីគ្នា ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយ រៀនសូត្រ និងយកទៅអនុវត្តតាម។

លោក ម៉ៅ ធនិន បានក្រើនរំលឹកដល់និវត្តជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះឲ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត។ លោកអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងពិធីនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃជិត២ពាន់នាក់ ក្នុងម្នាក់ៗសារុង១ ត្រីខ១កំប៉ុង ថវិកា៣ម៉ឺនរៀល និងហូបបាយសាមគ្គីថ្ងៃត្រង់មួយពេល ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕