(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលនោះទេ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរដ្ឋបាលរាជធានី ក៏នឹងរៀបចំពីធីក្រុងពាលីសាងសង់នារសៀលថ្ងៃស្អែកផងដែរ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងតាមសារអេឡិចត្រូនិច WhatsAPP នារសៀលថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨នេះថា រដ្ឋបាលរាជធានី រួមនិងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗ បានសិក្សាលក្ខណបច្ចកទេសរួចរាល់ហើយ ចំពោះការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកា ដោយគ្រាន់តែពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់មកដល់តែប៉ុណ្ណោះ។

លោកបន្តថា «ស្ពានអាកាសចោមចៅនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស»។

លោកបញ្ជាក់ថា ស្ពាន និងផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះជាផ្លូវដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឱ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋទូទៅទទួលផលចំណេញ ចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ តែថែមទាំងចំណេញថវិកាក្នុងការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

លោក ម៉េត មាសភក្តី បានបន្តថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់មន្រ្តីនគរបាលចរាចរណ៍ទៅជួយសម្រួលទីតាំងខាងលើជាបន្តបន្ទាប់ ប៉ុន្តែទោះជាដូច្នេះក៏ដោយ គេនៅតែមិនអាចទប់ស្កាត់ការកកស្ទះបាន ដែលជាហេតុធ្វើឱ្យសាលារាជធានីភ្នំពេញចំណាយថវិកា ត្រៀមសាងសង់ស្ពាននេះឡើងឱ្យបានឆាប់តាមកាលដែលអាចធ្វើទៅបាន។

បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅខាងលើនេះ នឹងប្រើពេលប្រមាណ៣០ខែ ដើម្បីបញ្ចប់ឱ្យបានរួចរាល់។

ក្រៅតែពីការសាងសង់ស្ពានអាកាសខាងលើ បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានកំពុងជួលជុលសាងសង់ពង្រីកផ្លូវជាតិលេខ៤ ឱ្យមានទំហំកាន់តែធំឡើងៗ ដោយមានការចាក់បេតុង និងអ៊ុតកៅស៊ូពង្រីកផ្លូវកាន់តែធំទូលាយ សម្រួលដល់ការធ្វើដំណើរទៅមក និងដាក់លូបង្ហូរទឹកចេញកុំឱ្យភ្លៀងលិចផ្លូវដូចឆ្នាំកន្លងៗមកទៀត៕