(កំពង់ធំ)៖ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព ហើយខេត្តកំពង់ធំកំពុងមានការអភិវឌ្ឍ, រដ្ឋបាលក្រុងស្ទឹងសែន បានអញ្ជើញចៅសង្កាត់ មេភូមិ និងសមាជិកភូមិក្នុងសង្កាត់ទាំងប្រាំ នៃក្រុងស្ទឹងសែន មកពិភាក្សាពីបញ្ហាប្រឈមដែលខ្លួនបំពេញការងារ ដើម្បីបង្កើនការយកចិត្តទុកដាក់លើការបំពេញការងារក្នុងមូលដ្ឋានសង្កាត់ និងភូមិនីមួយៗ នៃក្រុងស្ទឹងសែន។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាក្រុងស្ទឹងសែន។ អង្គប្រជុំបានលើកឡើងនូវបញ្ហាដែលកំពុងជួបប្រទះមួយចំនួន រួមមាន៖ ការចុះមូលដ្ឋាន លើការបម្រើសេវាសាធារណៈជូនប្រជពលរដ្ឋ ការចុះធ្វើសំបុត្រ អាពាហ៍ពិពាហ៍ដល់គេហដ្ឋាន ព្រោះប្រជាជាពលរដ្ឋមិនបានមកធ្វើនៅសាលាឃុំនោះទេ ដែលជាហេតុទាមទារឲ្យសមាជិកសង្កាត់ ចុះទៅបំពេញការងារយឺតយ៉ាវមួយចំនួនតូច។

ជាមួយគ្នានេះ លោក ម៉ាក់ ប៊ុនហុង លើកឡើងថា ការបំពេញភារកិច្ចរបស់លោក-លោកស្រីចៅសង្កាត់ មេភូមិ សមាជិកភូមិទាំងអស់ពិតជាមានផលវិបាក ប៉ុន្តែវាជាតួនាទីរបស់មន្ត្រីរាជការ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាចាំ និងសេវាតម្រូវការ ជាពិសេសគឺការបំពេញលិខិតស្នាមផ្សេងៗ ដែលជាតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបន្ថែមថា ទន្ទឹមនឹងការទទួលខុសត្រូវក្នុងការបម្រើសេវាសាធារណៈនេះ ក្នុងនាមលោក-លោកស្រីជាភ្នែកជាច្រមុះ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល សូមធ្វើការយកចិត្តទុកដាក់ឃ្លាំមើល និងជួយដាស់តឿនស្មារតីប្រជាពលរដ្ឋឲ្យរក្សានូវគោលជំហររបស់ខ្លួន មិនបង្កចលាចលក្នុងសង្គមតាមការញុះញ៉ង់របស់អ្នកនយោបាយមួយចំនួនតូច ដែលនាំឲ្យប្រជាពលរដ្ឋក្លាយជាពលរដ្ឋមិនល្អនៅក្នុងសង្គម ក្នុងនោះមិនសំដៅទៅការលើការប្រកាន់បក្សពួក និងនិន្នាការនយោបាយនោះទេ គឺដាច់ខាតប្រជាពលរដ្ឋទាំងអស់ នៅតែជាប្រជាជនកម្ពុជាដដែល។

លោកថា ក្នុងនាមរដ្ឋបាលក្រុង និងព្យាយាមប្ដេជ្ញាជួយជំរុញ និងធ្វើការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយផ្សេងៗ ទៅកាន់ប្រជាពលរដ្ឋក្នុងការបង្កើនការយល់ដឹង និងសារប្រយោជន៍ ក៏ដូចជាផលវិបាករបស់លោក-លោកស្រីចៅសង្កាត់គ្រប់រូប ជាមួយគ្នានេះសូមឲ្យចៅសង្កាត់ មេភូមិទាំងអស់បន្តបំពេញនូវភារកិច្ច និងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរបន្ថែមទៀត៕