(ភ្នំពេញ)៖ ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៥ ឆ្នាំ២០១៨ (15th South East Asian Bodybuilding & Physique Sports Championships and Congress) ដោយកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង ដែលរៀបចំនៅសណ្ឋាគារសុខាល័យ នាខេត្តសៀមរាប បានចាប់ផ្ដើមការប្រកួតហើយ នៅថ្ងៃទី២៧ ខែមិថុនានេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែមិថុនាខាងមុខ គ្រាដែលថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា មានជំនឿចិត្តខ្ពស់នឹងទទួលបានលទ្ធផលជាវិជ្ជមានពីព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

លោក រស្មី សុខមង្គល ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា នេះគឺជាលើកទី១ ហើយ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដោយមានអត្តពលិកតំណាងប្រទេសចំនួន ៨ចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ ស្មើនឹងកីឡាករ-កីឡាការិនីសរុប ១២០នាក់ ហើយបានមកជួបជុំគ្នា និងថ្លឹងទម្ងន់រួចរាល់កាលពីល្ងាចមិញ ខណៈកម្ពុជាបានត្រៀមថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ។

ប្រធានសហព័ន្ធដដែលបន្ដថា ទោះបីនេះគឺជាលើកដំបូង សម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ ប៉ុន្ដែលោកមានទំនុកចិត្តខ្ពស់ក្នុងការធ្វើឲ្យបានជោគជ័យ និងស្រូបយកប្រយោជន៍ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន។ លោកថា «ការធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ខ្ញុំរំពឹងទទួលបានជោគជ័យ ទោះបីជាកីឡាកាយវប្បកម្មកម្ពុជា ទើបចាប់ផ្តើម ដោយផ្តើមចេញពីកីឡាករ ៤-៥នាក់ ប៉ុន្តែពេលនេះយើងមានអត្តពលិកជិត ២០០នាក់ និងមានកីឡាករក្មេងៗជាច្រើន។ ដូច្នេះការធ្វើម្ចាស់ផ្ទះនេះ អាចជាការដកស្រង់បទពិសោធន៍ និងការអភិវឌ្ឍន៍ ដើម្បីដាក់ប្រភេទកីឡាកាយវប្បកម្ម ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះបាន»។

បន្ថែមលើនេះ ដោយផ្អែកលើសក្ដានុពលនៃកីឡាកាយវប្បកម្មកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយ ដែលដណ្ដើមបានមេដាយពិភពលោកជាបន្ដបន្ទាប់សហព័ន្ធក៏មានគម្រោងជំរុញឲ្យមានការប្រកួតជ្រើសរើសជើងឯកកម្រិតអាស៊ី នៅលើទឹកដីកម្ពុជាផងដែរ បន្ទាប់ពីទទួលបានការគាំទ្រ និងជំរុញពីបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងលើពិភពលោក។ ប៉ុន្ដែមុនឆ្ពោះទៅសម្រេចផែនការបន្ទាប់ សហព័ន្ធត្រូវការពិនិត្យលទ្ធភាព និងការបណ្ដុះបណ្ដាលធនធានមនុស្សទាំងកីឡាករ និងមន្ដ្រីជំនាញជាមុនសិន ដើម្បីរៀបចំទៅដំណើរការបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ដោយឡែកលោក Datuk Paul Chua អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មពិភពលោក ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើទឹកដីអង្គរ ខេត្តសៀមរាប បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា ដែលទទួលបានយ៉ាងល្អទាំងការស្នាក់នៅ ការហូបចុក និងការប្រកួតជាដើម។ ត្រង់ចំណុចនេះ លោកបានលើកទឹកចិត្តឲ្យកម្ពុជា បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមខ្លួនទទួលរៀបចំការប្រកួតលក្ខណៈអន្ដរជាតិជាបន្ដបន្ទាប់នាពេលអនាគត៕