(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងពុទ្ធសីមាវត្តឧត្តមគីរីបព្វតាសិលាគង្គា ហៅវត្តជ្រុងថ្មក្រពើហា ស្ថិតនៅក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក វង្សី វិស្សុត បានសំដែងនូវការកោតសរសើរ ចំពោះព្រះតេជគុណព្រះគ្រូចៅអធិការ ញាណត្ថេរ សឿន ញាន ដែលបានដឹកនាំគ្រប់គ្រង និងកសាងនូវសមិទ្ធផលនានាជាបន្តបន្ទាប់ ដែលរួមមាន៖ បដិមាអង្គតូចធំ សាលាបុណ្យ ស្រះទឹក ទីសេនាសនៈ ក្លោងទ្វា របង ផ្លូវ ទីធ្លាវត្ត ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង៥០ម៉ឺនដុល្លារអាមេរិក។ លោកបានបន្តថា ការរីកចម្រើន នៅក្នុងទីអារាមនេះ ក៏ដូចជា នៅក្នុងទីអារាមនានា នៅទូទាំងប្រទេស គឺជាការសបញ្ជាក់ឱ្យឃើញថា ប្រទេសជាតិរបស់យើងកាន់តែរីកចម្រើន ហើយសេដ្ឋកិច្ចជាតិ យើងក៏កាន់តែលូតលាស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា។

ពិតណាស់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីកម្លាំងសទ្ធា ដ៏ជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយរបស់យើង ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋយើងដាច់បាយ នោះគឺប្រាកដណាស់ព្រះសង្ឈក៏ នឹងដាច់ ចង្ហាន់ដែរ កុំថាឡើយទៅដល់បច្ច័យកសាងវត្តរហូតជាង៥០ម៉ឺនដុល្លារនោះ។

លោក វង្សី វិស្សុត បានបន្តលើកឡើងផងដែរថា នៅក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាល បានកសាងនូវសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងប្រជាជន។ ដោយឡែកឃុំព្រែកដំបង របស់យើង ក៏ទទួលបាននូវសមិទ្ធផលជាច្រើនផងដែរ ដូចជា ផ្លូវបេតុង ផ្លូវលំ និងប្រព័ន្ធធារាសាស្រ្តដ៏ខ្វាត់ខ្វែងជាដើម។ល។ លោកបានបន្តថា រាល់សមិទ្ធផលតូចធំ ដែលត្រូវបានកសាង ជាបន្តបន្ទាប់ទាំងនេះ គឺដើម្បីផ្សារភ្ជាប់ជាមួយនឹង ជីវភាពរស់នៅ របស់ប្រជាជន និងដើម្បីធ្វើការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនជឿនលឿន និងរុងរឿង ដូចប្រទេសគេដទៃ ពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប មានជីវភាព កាន់តែប្រសើរឡើង។

លោកបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទៅ មកពីគ្រប់និន្នាការនយោបាយទាំងអស់ បាននិងកំពុងទទួលបាននូវ ផលប្រយោជន៍ពីការអភិវឌ្ឍ ក៏ដូចជា ពីសមិទ្ធផលទាំងខាងលើនេះ។ តែការអភិវឌ្ឍនេះគ្មានទីបញ្ចប់ទេ។ ដូចនេះ រាជរដ្ឋាភិបាល នឹងបន្តធ្វើកិច្ចការនេះឱ្យកាន់តែខ្លាំងក្លាឥតឈប់ឈរថែមទៀត នៅក្នុងនីតិកាលបន្ត បន្ទាប់ទៀត។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានភារកិច្ចចូលរួមនៅក្នុងដំណើរ ការកសាងជាតិ របស់យើងគ្រប់ៗគ្នា។

លោកក៏បានលើកឡើងផងដែរថា ប្រជាជាតិខ្មែរយើងបានធ្លាក់ខ្លួនចុះដុនដាប់ ពីប្រទេសមហា នគរ មកជាប្រទេសតូចតាច ស្ទើរតែបាត់ឈ្មោះពីផែនទី ដោយសារតែខ្មែរយើង ចេះតែឈ្លោះគ្នា និងហែកហួរគ្នា, មិនចេះយោគយល់គ្នា និងចេះតែលាបព័ណ៌គ្នា។ សន្តិភាព និងឯកភាពជាតិ ដែលសង្គមជាតិខ្មែរយើងបានបាត់បង់ ចាប់តាំងពីក្រោយសម័យ អង្គរ រហូតមក ហើយដែលទើបតែសម្រេចបានដោយលំបាកលំបិននៅក្នុងឆ្នាំ១៩៩៨ តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាសច្ចៈធម៌មួយ នៃប្រវត្តិសាស្រ្ត ដែលគ្មាននរណាម្នាក់អាចកែក្រឡាស់បាន។

លោកបានបន្តថា ដូចនេះដល់ពេលហើយ ដែលប្រជាពលរដ្ឋខែ្មរយើងគ្រប់រូប ត្រូវតែចេះរួបរួមគ្នា ថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ, ការរីកចម្រើនរុងរឿង និងភាពសុខដុមរម្យនា របស់សង្គមជាតិខ្មែរយើង!។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកការពិចារណា ដោយផ្អែកលើផលប្រយោជន៍ជាតិ ជាក់ស្តែងជាធំ និងសូមកុំជឿការឃោសនាលាបព័ណ៌ ដែលនាំឱ្យជាតិយើងបែកបាក់ និងធ្លាក់ចុះដុនដាប ដូចពីអតីកាល!។

លោកបានថ្លែងទៀតថា ការទទួលបាននូវសមិទ្ធផលអភិវឌ្ឍន៍ ជាបន្តបន្ទាប់នៅ ពេលខាងមុខទៀតនេះ នឹងធ្វើឱ្យឃុំព្រែកដំបងនិយាយដោយឡែក និងនិយាយជារួម គឺស្រុកមុខកំពូលទាំងមូល នឹងមានសក្តានុពលក្លាយទៅទីក្រុងតូចមួយនៅថ្ងៃអនាគតខាងមុខនេះ ហើយតំបន់ព្រែកដំបងនេះ នឹងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញរោងចក្រ ឧស្សាហកម្មផ្នែកវាយនភ័ណ្ឌ ដែលមានតម្លៃបន្ថែមខ្ពស់ៗ និងអាចក្លាយជាកន្លែងផលិត និងជាមជ្ឈមណ្ឌល ចែកចាយកសិផល ដូចជាបន្លែ ឬស៊ុតជាដើម។ល។ ក្នុងន័យនេះ លោកបានស្នើសុំដល់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកមុខកំពូលទាំងមូលនិយាយជារួម និងនិយាយដោយឡែក គឺបងប្អូនប្រជាពលរដ្ឋឃុំព្រែកដំបងតែម្តង សូមក្កាប់ ឱកាសនេះឱ្យជាប់ កុំឱ្យរបូតពីដៃ ហើយចាប់ដៃគ្នា និងរួមគ្នាកសាងស្រុកមុខកំពូលឱ្យមានការផ្លាស់ប្ដូរមុខមាត់ និងឱ្យកាន់តែ រីកចម្រើន ហើយបងប្អូនរបស់យើងកាន់តែមានជីវភាពធូរធា។ សូមបងប្អូនទាំងអស់ចង់ចាំថា មានចាបមួយក្នុងដៃ ប្រសើរជាងការចាប់ចាបម្ភៃដែលកំពុងហោះលើមេឃ។

លោក វង្សី វិស្សុត បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំង សូមបញ្ចូនកូនចៅទៅ សិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគេមានចំណេះវិជ្ជាជ្រៅជ្រះ ហើយអាចទទួល បានការងារធ្វើល្អ, មានប្រាក់ចំណូលខ្ពស់ និងមានជីវភាពធូរធារនៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះដែរ ការរៀនភាសាអង់គ្លេសក៏មានសារៈសំខាន់ផងដែរ ព្រោះថាភាសាអង់គ្លេស គឺជាយាន្តសម្រាប់ទទួលបាន នូវចំណេះដឹងផ្សេងៗ រួមទាំងការរស់នៅប្រចាំថ្ងៃ របស់យើង ផងដែរ នៅក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលកំពុងតែមានការវិវត្តរីកចម្រើន យ៉ាងលឿនស្មានមិនដល់នេះ។

លោកបានគូសបញ្ជាក់ថា ជាទស្សនវិស័យទៅថ្ងៃមុខ ដើម្បីធ្វើឱ្យប្រជាជាតិខ្មែរយើងខ្លាំង និងរឹងមាំ គឺចាំបាច់ណាស់ខ្មែរ ត្រូវតែមានធនធានមនុស្ស ដែលមានការអប់រំចេះដឹងជ្រៅជ្រះ។ លោកក៏បានផ្តល់ការណែនាំ ដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ក្នុងការរក្សាការពារឱ្យបាននូវទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់ប្រភេទ និងលុបបំបាត់ នូវសកម្មភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម មេត្តាអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជា នាយករដ្ឋមន្រ្តី ដែលជាជម្រើសតែមួយគត់ នៅក្នុងការរក្សាបាននូវសន្តិភាព, ស្ថេរភាពនយោ បាយ និងការអភិវឌ្ឍប្រទេស ពិសេសដើម្បីធានាទៅដល់ដំណើរ ឈានឡើងរបស់កម្ពុជា កុំធ្លាក់ចុះសារជាថ្មីម្តងទៀត៕