(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នោរសៀលថ្ងៃទី២៧ ខែមិថុនានេះ អញ្ចើញជាអធិបតីនៅក្នុងពិធីមួយដែលមានឈ្មោះថា «កម្មវិធីរួមគ្នាដើម្បីលើកកម្ពស់ជីវភាព បងប្អូនប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធ ជាពិសេសបងប្អូនដែលប្រកបមុខរបរដឹកជញ្ជូនដោយប្រើម៉ូតូកង់បី ឬរ៉ឺម៉ក់ខ្មែរ»

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសូគីមិច តំណាងក្រុមហ៊ុន Grab តំណាងអង្គការ UNDP លោក ឯ សុភាល់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងបងប្អូនប្រកបរបរដឹកជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៥០០០នាក់ ដែលធ្វើនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរួមរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន រួមសហការជាមួយ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនGrab អង្គការUNDP សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដើម្បីគំាទ្រដល់សមាជិកសមាជិកាសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលកំពុងប្រកបរបរដឹកជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ(រត់រ៉ឺម៉ក/Tuk Tuk) និងផ្តោតជាសំខាន់លើការគិតគូរពីផល ប្រយោជន៍ សុវត្ថិភាពចរាចរណ៍ ការដឹកជញ្ជូន សោភ័ណ្ឌភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រកបរបរដឹក ជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រត់រ៉ឺម៉ក)។

តាមរយៈគំនិតផ្តួចផ្តើមនេះ សមាជិកសមាគម នឹងទទួលបានការលក់បញ្ចុះថ្លៃប្រេងសាំងធម្មតា និងសាំងស៊ុបពែ ក្នុងតម្លៃទាបជាងទីផ្សារ ៣០០រៀល ក្នុង១លីត្រ ដែលបានអនុវត្តពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅរបស់ក្រុមហ៊ុនសូគីមិច ការបំពាក់នូវ App របស់ក្រុមហ៊ុន Grab ជូនបងប្អូនអ្នកប្រកបរបររត់រ៉ឺម៉ក ខ្មែរដែលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយគិតកម្រៃជើងសារត្រឹមតែ៥% ក្នុងរយៈ ពេល៦ខែដំបូង និងការពិនិត្យលទ្ធភាពផ្តល់ជូនឯកសណ្ឋាន និងមួកការពារសុវត្ថិភាព ដែលបានផ្តល់ក្តី សង្ឃឹម និងភាពជឿជាក់ជូនបងប្អូនប្រកបរបររកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទេសរដ្ឋមន្ត្រី បានថ្លែងថា៖ ម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនំាដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំគិតជាមធ្យមក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បង្កើតការងារបានជាង៣,៦លាននាក់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះផ្នែកសេដ្ឋកិច្ច ក្នុង ប្រព័ន្ធមានចំនួនជាង ១,៤ លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,៤ លាននាក់។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងបានរួមវិភាគទានយ៉ាងធំធេងក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រកបរបររកស៊ី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរ ដើម្បីជៀសវាង កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវសេពគ្រឿងស្រវឹង ឬគ្រឿងញាណ បើបើកបរកុំ ពិសាគ្រឿងស្រវឹង បើពិសាគ្រឿងស្រវឹងកុំបើកបរ ៕