(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសឈប់ផ្សព្វផ្សាយឃោសនា ឱ្យគណបក្ស និងបេក្ខជននយោបាយណាមួយតទៅទៀតហើយ ដោយសម្តេចទុកថា ការលើកឡើងពីបក្សដទៃដោយចំៗ របស់សម្តេច បានធ្វើឱ្យអ្នកទាំងនោះកើនឡើងនូវប្រជាប្រិយភាព ហើយយកឱកាសនេះ លើកតម្កើនខ្លួនឯងជាបន្តបន្ទាប់។ សម្តេចក៏បានណែនាំដល់មេដឹកនាំ គណបក្សប្រជាជនកម្ពុជាផ្សេងៗទៀត កុំឆ្លើយឆ្លងជាមួយនឹង គណបក្សដទៃផងដែរ ហើយធ្វើយ៉ាងណាពន្យល់តែ ពីគោលនយោបាយរបស់ខ្លួន

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង២ម៉ឺននាក់ មកពីរោងចក្រចំនួន៥ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកដែលមានចេតនា ដើម្បីប្រើប្រាស់ ហ៊ុន សែន លើកកម្ពស់តួនាទីខ្លួន សូមប្រញ៉ាប់ប្រើប្រាស់នូវវិធីផ្សេងទៅ ខ្ញុំបានផ្តល់ឱ្យអ្នកខ្លះរួចទៅហើយ តែពីពេលនេះទៅមុខ ខ្ញុំនឹងមិនផ្តល់ឱ្យអ្នកទេ ព្រោះអញ្ចេះ យុទ្ធសាស្រ្តបក្សខ្លះ គេនឹងវាយប្រហារមកលើពូ គេនឹងវាយប្រហារមកលើគណបក្សប្រជាជន ដើម្បីឱ្យពូ ឬគណបក្សប្រជាជនវាយបកទៅវិញ គឺស្មើនឹងឃោសនាឱ្យគេស្គាល់»

សម្តេចបានបន្តថា «សូមកុំសង្ឃឹម កុំលេងជាមួយជើងចាស់ផ្នែកយុទ្ធសាស្រ្តមួយនេះ មិនថាយុទ្ធសាស្រ្តផ្នែកអ្វីនោះទេ សូមផ្តាំជូនសារទៅអ្នក ខ្ញុំបានផ្តល់ឱ្យអ្នកខ្លះហើយ ដើម្បីធ្វើជាដើមទន់ ព្រោះនោះក៏មានផលប្រយោជន៍ឱ្យពូដែរ មានផលប្រយោជន៍ឱ្យ ហ៊ុន សែនដែរ ដើម្បីបំភ្លេចអាចោរចង្រៃមួយនោះ ហើយឱ្យអ្នកឡើងថ្លៃក្លាយទៅជាតួរអង្គមួយ ក្នុងចំណោមតួរអង្គដែលរត់​ប្រណាំង ក៏ប៉ុន្តែអ្នកកុំសង្ឃឹមថា ហ៊ុន សែន នឹងផ្តល់ពិន្ទុរឱ្យអ្នកបន្ថែម តាមរយៈការនិយាយទៅដល់ឈ្មោះអ្នក និយាយទៅដល់ឈ្មោះគណបក្សរបស់អ្នក»

ប្រតិកម្មរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉ង សាំងកុមារ ជាបេក្ខជននាយករដ្ឋមន្រ្តី បានធ្វើការប្រៀបធៀបគោលនយោបាយរបស់ខ្លួន ជាមួយគណបក្សប្រជាជនកម្ពុជា និងបានរិះគន់ដល់ គោលនយោបាយគណបក្សកាន់អំណាច ដើម្បីឱ្យមានប្រតិកម្ម។ បណ្តាញសង្គម Facebook មួយចំនួនក៏ចាប់ផ្តើមលើកតម្កើន ដោយប្រៀបធៀបបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សទាំងពីរផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ឆ្នាំង នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ឱ្យមេដឹកនាំគណបក្សប្រជាជន មិនត្រូវឆ្លើយឆ្លងជាមួយបក្សណាទាំងអស់ ហើយត្រូវធ្វើយ៉ាងណានិយាយតែពីចំណុចវិជ្ជមានរបស់គោលនយោបាយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោត នាខែកក្កដា ខាងមុខនេះ។

សម្តេចបញ្ជាក់ថា៖ «ពិតហើយ យើងធ្វើជាដឹកនាំរដ្ឋាភិបាល គេច្បាស់ជាទិទៀនលើគោលនយោបក្សរបស់យើងហើយ យើងមិនចាំបាច់តបតទេ យើងគ្រាន់តែការពារនូវគោលនយោបាយរបស់យើងបានហើយ»

ក្នុងគោលនយោបាយគណបក្សប្រជាជនកម្ពុជា គឺសម្តេចចង់ឱ្យមន្រ្តីគណបក្សប្រជាជន ឱ្យបង្ហាញអំពីភាពរីកចម្រើន បង្កើតចេញជាឧស្សាហកម្ម រោងចក្រ មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន បោះបង្គោលព្រំដែន ការបង្កើនសន្តិភាពជាមួយប្រទេសជិតខាង និងការអភិវឌ្ឍផ្សេងៗទៀតជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើចេញជារូបរៀងកន្លងមក៕