(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ការដំឡើងប្រាក់ឈ្នួលរបស់កម្មករនិយោជិតដូចបច្ចុប្បន្ននេះ មិនមែនបានមកពីការទាមទាររបស់គណបក្សប្រឆាំងនោះទេ តែជាគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ពីព្រោះឥឡូវគ្មានបក្សប្រឆាំងទៀតឡើយ តែប្រាក់ឈ្នួលនៅតែត្រូវបានដំឡើង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥​កើត ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការងាររបស់កម្មករ-កម្មការិនីនាពេលបច្ចុប្បន្ន មិនមែនបានមកដោយសារបក្សប្រឆាំងនោះទេ តែផ្ទុយទៅវិញបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្ដេចថ្លែងបន្តយ៉ាងដូច្នេះថា «កុំយល់ច្រឡំថា ការឡើងប្រាក់ខែដោយសារតែការទាមទាររបស់បក្សប្រឆាំង ឥឡូវបក្សប្រឆាំងងាប់បាត់អស់ហើយ តែប្រាក់ខែនៅតែឡើង ឡើងដោយសារអី? កន្លងទៅ ពួកគេនោះធ្វើតែអារឿងកុំឱ្យគេមកជួយកម្ពុជា កុំឱ្យគេទិញទំនិញពីកម្ពុជា កុំឱ្យគេវិនិយោគនៅកម្ពុជា គេធ្វើតែប៉ុណ្ណឹង ពេលណាមានការតវ៉ារបស់កម្មករគេមកធ្វើអាងយ៉ាង តែមិនដែលមកដោះស្រាយទេ មកដុតបញ្ឆេះបន្ថែម»

សម្ដេចតេជោក៏បានលើកទឹកចិត្តដល់កម្មករទាំងអស់ សូមកុំបង្កើតក្រុមបងតូចបងធំក្នុងរោងចក្រ ព្រោះវាបង្កឱ្យខាតប្រយោជន៍ទាំងអស់គ្នា ពិសេសចំពោះអ្នកធ្វើកូដកម្មដែលរំខានដល់អ្នកចង់ធ្វើការ ដោយសម្ដេចបានស្នើយ៉ាងទទូចថា «ចំណុចនេះមិនត្រូវឱ្យមានតទៅទៀតទេ ចំពោះក្មួយៗជាកម្មករ-កម្មការិនី»។

ជាមួយគ្នានោះ សម្ដេចតេជោក៏លើកឧទាហរណ៍មួយថា «រោងចក្រមួយមានកម្មករ ២,០០០នាក់ មានអ្នកធ្វើកូដកម្មត្រឹមតែ ៥០នាក់ទេ យើងត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ៥០នាក់ ក៏ប៉ុន្តែ៥០នាក់នេះ ក៏ត្រូវគោរពសិទ្ធិអ្នកធ្វើការ ១,៩៥០នាក់ផ្សេងទៀតដែលចង់ធ្វើការដែរ។ ប៉ុន្តែកន្លងទៅនេះ មានបងធំមួយចំនួនធ្វើកូដកម្មត្រឹមតែ ៥០នាក់ តែទៅរារាំងអ្នកដែលគេចង់ធ្វើការជាង១ពាន់នាក់ផ្សេងទៀត។ ពីពេលនេះតទៅ មិនអនុញ្ញាតឱ្យមានរឿងនេះកើតឡើងនៅតាមបណ្ដារោងចក្រនានាទេ អ្នកចង់ធ្វើការត្រូវធ្វើការ រឿងអ្នកធ្វើកូដកម្មទុកឱ្យគេដោះស្រាយជាមួយថៅកែរោងចក្រ ហើយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារ ក៏ត្រូវប្រញាប់ប្រញាល់ដោះស្រាយផងដែរ ក៏ប៉ុន្តែអ្នកធ្វើកូដកម្មក៏មិនត្រូវមករារាំងអ្នកធ្វើការនោះទេ ធ្វើយ៉ាងដូច្នេះជាការគោរពសិទ្ធិគ្នាទៅវិញទៅមក»

ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា ការសម្រុះសម្រួលគ្នាយ៉ាងដូច្នេះ គឺរក្សាបានស្ថិរភាពការងារក្នុងរោងចក្រ រក្សាទំនាក់ទំនងរវាងកម្មករជាមួយថៅកែរោងចក្រ និងអ្នកដឹកនាំក្នុងរោងចក្រ ថ្នាក់ក្រុម ថ្នាក់ផ្នែក ថ្នាក់រដ្ឋបាល ក៏ត្រូវតែជាទំនាក់ទំនងល្អផងដែរ។

សម្ដេចចង់ឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ តាមរយៈទំនាក់ទំនងល្អរវាងម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរោងចក្រជាមួយកម្មករនិយោជិត ព្រោះបើធ្វើយ៉ាងដូច្នេះបាន កម្មករនឹងទទួលបានផលប្រយោជន៍ពីការងារធ្វើ និងប្រាក់ចំណូលដែលកើនឡើង ហើយថៅកែរោងចក្រក៏ត្រូវយកចិត្តទុកដាក់ចំពោះកម្មករផងដែរ៕