(ភ្នំពេញ)៖ លោក សម រង្ស៊ី និងអ្នកជំនិតមួយក្តាប់តូច រួមទាំងពពួកចចេសផ្កាប់មុខមួយចំនួនផងដែរ នៅតែបន្តភាន់ច្រឡំដោយគំនិត ល្ងង់ខ្លៅដដែលងើបមុខមិនរួច។ ដំបូងពួកគេភាន់ច្រឡំថា ឲ្យតែហ៊ានរំលាយបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋស្ទើរកន្លះនគរ នឹងងើបតវ៉ាវឹកវរពេញផ្ទៃប្រទេសជាមិនខាន។ កាលណោះ គេនៅចាំបានថា លោក សម រង្ស៊ី ថែមទាំងពន្យុះ ឲ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិ ឱ្យកាន់តែឆាប់កាន់តែល្អ។

ការពន្យុះបែបនេះ ក៏ព្រោះតែលោក សម រង្ស៊ី រំពឹងថា ការរំលាយបក្សសង្គ្រោះជាតិ នឹងជំរុញឲ្យគោលដៅធ្វើបដិវត្តន៍ពណ៌របស់ខ្លួន សម្រេចដូចបំណង។ ដល់ពេលតុលាការប្រកាស រំលាយបក្សសង្គ្រោះជាតិ ស្ថានការណ៍ស្ងប់ស្ងាត់ឈឹងគ្មានអ្វីកើតឡើងទាល់តែសោះ។ ពលរដ្ឋទូទៅប្រកបរបររកទទួលទានធម្មតារៀងៗខ្លួន ដោយគ្មានអ្នកណាអើពើរឿង រំលាយបក្សសង្គ្រោះជាតិឡើយ។ បញ្ហានេះបានធ្វើឲ្យលោក សម រង្ស៊ី និងគូកន ស្រឡាំងកាំង ភាន់ភាំងស្មារតីរកគិតអ្វីមិនយល់។ អេង ឆៃអ៊ាង ធ្លាប់បានសារភាពរឿងនេះប្រាប់អ្នកគាំទ្រនៅស្រុកបារាំងដោយការខកចិត្តបំផុត។ ភាពស្ងប់ស្ងាត់ក្រោយការរំលាយបក្សសង្គ្រោះជាតិ ក៏ត្រូវបានអ្នកកាសែតបារាំងលើកទៅចោទសួរលោក សម រង្ស៊ី ដែរដោយសួរបែបជាន់កែងលោក សម រង្ស៊ី ថា តើភាព ស្ងប់ស្ងាត់នេះមានន័យថា ពលរដ្ឋខ្មែរយល់ព្រម ចំពោះការរំលាយបក្សសង្គ្រោះជាតិ?

ដោយសារតែភាពស្រឡាំងកាំង និងគំនិតនយោបាយរាក់កំផែល លោក សម រង្ស៊ី ស្រាប់តែប្រញាប់ប្រញាល់ទៅប្រកាស បង្កើតចលនាសង្គ្រោះជាតិ ដោយរំពឹងថា ចលនានេះអាចជួយឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី ២៩ កក្កដា នេះ។ លោក សម រង្ស៊ី ក៏រំពឹងដែរថា ពេលនោះអំណាចរបស់បក្សសង្គ្រោះជាតិនឹងត្រូវធ្លាក់មកលើកណ្តាប់ដៃរបស់ខ្លួនឡើងវិញក្រោយពីបានកាន ក្តាប់ដោយភាគីលោក កឹម សុខា មួយរយៈមក។ មានឯណា អ្វីៗសុទ្ធតែជាការភាន់ច្រឡំទាំងអស់។ ចលនាសង្គ្រោះជាតិមិនបានជួយបក្សសង្គ្រោះជាតិ ឲ្យរស់ឡើងវិញឯណា? ផ្ទុយទៅវិញ ចលនាសង្គ្រោះជាតិ បែរជាធ្វើឲ្យអតីតមន្ត្រី និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ បែកបាក់ខ្ទេចខ្ទីអស់រលីង។ ចូលរួមបោះឆ្នោតក៏មិនបាន បក្សក៏រលាយបាត់ អ្នកគាំទ្រក៏បែកបាក់ហើយក្រោយមក លោក សម រង្ស៊ី ក៏បំភ្លេចចលនាសង្គ្រោះជាតិ ចោលវិញដោយឯកឯង។

ការភាន់ច្រឡំដ៏ធំមួយទៀតរបស់លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះគឺ ពួកគេរំពឹងថា អវត្តមានបក្សសង្គ្រោះជាតិពីឆាកនយោបាយធ្វើឲ្យបក្សប្រជាជនកម្ពុជាឯកោ ហើយរៀបចំការបោះឆ្នោតតែម្នាក់ឯងដោយគ្មានគណបក្សណាចូលរួមឡើយ ហើយក៏គ្មានសហគមន៍អន្តរជាតិណាចូលរួមគាំទ្រដែរ។ ប៉ុន្តែ ជាថ្មីម្តងទៀត ស្ថានការណ៍កើតឡើងផ្ទុយស្រឡះពីការគិតដោយការភាន់ច្រឡំរបស់លោក សម រង្ស៊ី។ ទីបំផុត គណបក្សនយោបាយដល់ទៅ ២០ បានចុះឈ្មោះប្រកួតដែលធ្វើឲ្យភាព ប្រកួតប្រជែងមានលក្ខណៈ ទូលំទូលាយជាងកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដែល មានគណបក្សសង្គ្រោះជាតិ ចូលរួមទៅទៀត។ ចំណែក ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដដែល។ ដោយសារការភាន់ច្រឡំ​ និងការវង្វេងភាន់ស្មារតីនេះហើយ បានជាពួកអតីតបក្សសង្គ្រោះជាតិ មួយក្តាប់តូច នៅតែខិតខំដើរស្រែកឡែឡែពីមុខ ស្ថានទូតជប៉ុននៅឯបរទេសដោយមិនចេះអៀនខ្មាស។

ខាងមុខនេះ លោក សម រង្ស៊ី និងគូកន នឹងខកចិត្តស្ទើរក្អួតឈាមម្តងទៀតនៅពេលដែល ពលរដ្ឋខ្មែរភាគច្រើនលើសលប់នឹងចេញទៅបោះឆ្នោតនៅថ្ងៃ២៩ កក្កដា ខាងមុខដោយមិនខ្វាយខ្វល់ពីសម្រែកឡែឡែដូចតុកកែក្នុងរូងឈើរបស់ពួកគេ។ ពេលនោះ លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះនឹងភ្ញាក់ខ្លួនក្រញ៉ាងដូចខ្មោច ៧ថ្ងៃពីព្រោះ អ្វីដែលពួកគេគិតសុទ្ធតែជាការភាន់ច្រឡំទាំងអស់ គឺភាន់ច្រឡំដោយគំនិតល្ងង់ខ្លៅរបស់ខ្លួន ដែលមើលមិនឃើញការពិត មុជមិនជ្រៅទៅមិនឆ្ងាយ ហើយគិតអ្វី ធ្វើអ្វីខុសតែរហូតដោយសារតែការតាំងខ្លួនជាអ្នកចេះ៕

ដោយ៖ កូនខ្មែរ